(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ មាននាវាទេសចរណ៍ខ្នាតធំ១គ្រឿង ឈ្មោះ DIAMOND PRINCESS សញ្ជាតិអង់គ្លេស បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជិត៣ពាន់នាក់ ឡើងមកទស្សនាទេសភាពក្នុងប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា នាវាយក្សមួយនេះ ផ្ទុកអ្នកដំណើរចំនួន ២,៧៨៩នាក់ (ស្រី១,៥២៣នាក់) មាន៥៣សញ្ជាតិ ក្នុងនោះភ្ញៀវអូស្ត្រាលី ១,២២១នាក់, ភ្ញៀវអាមេរិក ៣៩៦នាក់ និងភ្ញៀវអង់គ្លេស ៣៦៣នាក់។ នៅលើនាវាមាននាវិក និងអ្នកបម្រើការផ្សេង ១,០៥៧នាក់។
លោកឧត្តមសេនីយ៍ទោបានបន្តថា នាវាមានបណ្តោយប្រវែង ២៨៨.៣៣ម៉ែត្រ, ទទឹងប្រវែង ៤១.៥ម៉ែត្រ និងជម្រៅទឹក ៨.៥៧ម៉ែត្រ។ នាវា និងអ្នកដំណើរខាងលើនេះ បានចេញដំណើរមកពីប្រទេសវៀតណាម និងចេញពីខេត្តព្រះសីហនុ បន្តដំណើរទៅប្រទេសថៃ នៅវេលាម៉ោង ៤រសៀល ថ្ងៃដដែល។
សូមជម្រាបថា នាវាឈ្មោះ DIAMOND PRINCESS នេះ ជានាវាទី៥ហើយ ដែលបានចូលចតនៅខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០១៧នេះ ហើយនៅថ្ងៃទី១២ ខែមករាម្សិលម៉ិញ ក៏មាននាវាយក្សដឹកអ្នកដំណើរចំនួន ២គ្រឿងផងដែរ ដែលបានចូលចតនៅខេត្តព្រះសីហនុនេះ៕