(តាកែវ)៖ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា ប្រទេសកម្ពុជាជាពិសេសខេត្តតាកែវ មានសក្ដានុពលជាច្រើនសម្រាប់អ្នកវិនិយោគ ហើយសម្រាប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងរោងសិប្បកម្មចិនវិញ មានចំនួន៣៥កន្លែង មានទុនវិនិយោគជិត២០០លានដុល្លារ ព្រមទាំងបង្កើតការងារធ្វើជូនប្រជាពលរដ្ឋរាប់មឺុននាក់។
លោក ឡាយ វណ្ណៈ ក៏បានថ្លែងស្វាគមន៍ និងជំរុញលើកទឹកចិត្តចំពោះបណ្ដាលគម្រោងវិនិយោគមកកាន់ខេត្តតាកែវ ហើយអាជ្ញាធខេត្ត និងបន្តការខឹតខំប្រឹងប្រែងរបស់ខ្លួនថែមទៀត ក្នុងគោលដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការបើកទូលាយការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ព្រមទាំងបង្កើតបាននូវបរិយាកាសវិនិយោគឲ្យកាន់តែប្រសើរ មានលក្ខណៈទុកចិត្តបានសម្រាប់អ្នកវិនិយោគនិងធុរជន។
លោកអភិបាលខេត្តតាកែវ បានលើកឡើងបែបនេះ ខណៈលោកនិងក្រុមការងារ បានជួបជាមួយក្រុមគណៈប្រតិភូក្រុងស៊ាងយ៉ាង ខេត្តហ៊ូប៉ី របស់សាធារណរដ្ឋប្រជាមានិតចិនមួយក្រុម ដែលដឹកនាំដោយលោកអភិបាលក្រុងស៊ាងយ៉ាង សាន ឌឺហាវ ធ្វើទស្សនកិច្ច នៅក្នុងខេត្តតាកែវ រយៈពេលប្រមាណ៥ថ្ងៃ ដើម្បីសិក្សាស្វែងយល់ពីសក្ដានុពលនានារបស់ខេត្ត ដើម្បីធ្វើការវិនិយោគ និងសហប្រតិបត្តិការលើវិស័យនានារវាងខេត្តតាកែវនិងក្រុងស៊ាងយ៉ាង ដែលបានចុះអនុស្សារណៈយោគយល់គ្នាស្ដីពីទំនាក់ទំនងមិត្តភាពរវាងខេត្តទាំងពីរ។
បន្ថែមបីលើនេះ លោក ឡាយ វណ្ណៈ ឲ្យដឹងថា ជាជំហានដំបូងក្រុមហ៊ុនផលិតចំណីសាច់ និងកាប់សាច់សត្វ និងធ្វើការវិនិយោគ លើទឹកប្រាក់ប្រមាណ១០០លានដុល្លារ នៅក្នុងខេត្តតាកែវ និងរាជធានិភ្នំពេញ លើការចញ្ចឹមជ្រូកយកសាច់ ហើយមានក្រុមហ៊ុនមួយទៀតមានបំណងនាំចេញអង្ករពីខេត្តតាកែវចំនួន ពី ៥ម៉ឺន ទៅ១០ម៉ឺនតោន ក្នុង១ឆ្នាំព្រមទាំងមានគម្រោងធ្វើការវិនិយោគ លើដំណាំស្រូវក្នុងខេត្តតាកែវផងដែរ។
ថ្លែងស្វាគមន៍នៅក្នុងឱកាសទទួលគណៈប្រតិភូក្រុង ស៊ាងយ៉ាង នៅលើទឹកដីខេត្តតាកែវ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារដូនកែវ ក្រុងដូនកែវ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានចាត់ទុកដំណើរទស្សនកិច្ច ពិតជាមានសារសំខាន់មួយតាមរយៈកិច្ចសហប្រតិបត្តិការរវាងខេត្តក្រុងទាំង២ និងប្រទេសទាំង២ឲ្យកាន់តែប្រសើរឡើង ជាពិសេសទៅទៀតនោះដំណើរទស្សនកិច្ចនេះ នឹងផ្ដល់នូវកាលានុវត្តន៍ភាពសំខាន់ៗពាក់ព័ន្ធ និងវិស័យវិនិយោគ ពាណិជ្ជកម្មរវាងខេត្តទាំង២។
លោកអភិបាលខេត្តតាកែវ បានឲ្យដឹងថា ស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្នជាពិសេសខេត្តតាកែវ មានការអភិវឌ្ឍន៍ដ៏គួរឲ្យភ្ញាក់ផ្អើល។ ស្ថានភាពទាំងអស់នេះជាការខិតខំរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ហើយក៏មិនអាចកាត់ផ្ដាច់បានពីការជួយឧបត្ថមគាំទ្រពីបណ្ដាប្រទេសជាមិត្ត ជាពិសេសមិត្តចិន។ គ្រាន់តែនៅក្នុងខេត្តតាកែវ មានមូលដ្ឋានផលិតកម្ម ឧស្សាហកម្មនិងសិប្បកម្មដែលវិនិយោគ ដោយជនជាតិចិន មានចំនួន៣៥កន្លែង ដែលមានទុនវិនិយោគប្រមាណជិត២រយលានដុល្លាអាមេរិក និងបានបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងខេត្តរាប់ម៉ឺននាក់៕