(ព្រៃវែង)៖ លោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅម៉ោង៩៖៤០នាទីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំងយ៉ុងដឹកអ្នកដំណើរ បុកជាមួយរថយន្ត កុងតឺន័រដឹកដំឡូង បណ្តាលឲ្យស្លាប់ ៥នាក់ និងរបួស៧នាក់ នៅតាមផ្លូវជាតិលេខ៨ ស្រុកពារាំងនោះ នៅពេលនេះសាកសព៥នាក់ បានស្គាល់អត្តសញ្ញាណហើយ ដោយ២នាក់រស់នៅស្រុកពារាំង និងម្នាក់ទៀត រស់នៅស្រុកស្វាយអន្ទរ ដោយឡែក២នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ រីឯ៧នាក់ដែលរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
លោកឧត្តមសេនីយ៍ទោ ស្នងការបន្ថែមថា រថយន្ដសាំងយ៉ុងជាប្រភេទរថយន្ដឈ្នួល ដឹកអ្នកដំណើរនៅស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ធ្វើដំណើរពីភ្នំពេញទៅស្រុកកែវសីម៉ា លុះដល់ចំណុចកើតហេតុ ក៏បុកជាមួយរថយន្ដកុងទឺន័រដែលបើកបរបញ្ច្រាសទិសគ្នាពេញទំហឹងតែម្ដង។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសាំងយ៉ុងដឹកអ្នកដំណើរ បុកជាមួយរថយន្ត កុងតឺន័រដឹកដំឡូង បណ្តាលឲ្យស្លាប់ ៥នាក់ និងរបួស៧នាក់ នៅតាមផ្លូវជាតិលេខ៨ ស្រុកពារាំង ហើយគ្រោះថ្នាក់នេះ កើតឡើងដោយអ្នកបើករថយន្តសាំងយ៉ុង ជែងគេ ហើយជ្រុលទៅបុករថយន្តកុងតឺន័រតែម្តង៕