(ពោធិ៍សាត់)៖ កម្លាំងនគរបាលប៉ុស្តិ៍សំរោង បានឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ បន្ទាប់ពីបែករឿងបុរសល្មោភកាមរូបនោះ បានបៀតបៀនកេរ្តិ៍ខ្មាស់ លើរូបរាងកាយកូនស្រីរបស់គាត់ ពេលដែលកូនរបស់គាត់កំពុងរើសអេតចាយ។
ជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ហើយការប្រព្រឹត្តបទល្មើស បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅចំណុចទួលដំឡូង ស្ថិតក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះកាលពីយប់ថ្ងៃទី១១ ខែមករារួចមក កម្លាំងនគរបាលប៉ុស្តិ៍សំរោង បានចុះទៅស្រាវជ្រាវទាំងយប់ រហូតដល់ព្រឹកថ្ងៃទី១២នេះ បាននាំខ្លួនជនសង្ស័យឈ្មោះ ខុម សុខា អាយុ២៧ឆ្នាំ មានកូនក្នុងបន្ទុក៣នាក់ រស់នៅភូមិឃុំកើតខាងលើ មកសួរនាំនៅប៉ុស្តិ៍។ រីឯក្មេងស្រីរងគ្រោះ មានឈ្មោះ ឡ.ក.ល អាយុ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។
ក្រោយសួរនាំរួចរាល់ហើយនោះ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់ក្មេងស្រីរងគ្រោះឈ្មោះ ឡ.ក.ល ទៅកន្លែងស្ងាត់ ត្រង់ចំណុចទួលដំឡូង រួចចាប់សម្រាតខោ យកដៃបបោសអង្អែលប្រដាប់ភេទ ហើយយកលឹង្គទៅអូសកាត់ពីលើប្រដាប់ភេទរបស់ក្មេងស្រីរងគ្រោះពិតប្រាកដមែន តែមិនបានស៊ីជម្រៅអ្វីនោះឡើយ។ សកម្មភាពនេះធ្វើឡើងពេលត្រឡប់មកពីជូនប្រពន្ធទៅផ្ទះ រួចបន្តដំណើរទៅរោងការវិញ ឃើញក្មេងស្រីរងគ្រោះកំពុងរើសអេតចាយផ្លូវ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីចាត់ការបន្តតាមនីតិវិធី។