(ភ្នំពេញ)៖ នៅព្រលឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ នគរបាលនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋានរាជធានីភ្នំពេញ ចុះត្រួតពិនិត្យការដ្ឋានសំណង់ចិនមួយឈ្មោះ «ជុង ចាវ» ដោយរកឃើញជនជាតិចិន៤៥នាក់ និងជនជាតិវៀតណាម៣នាក់ ដែលជនបរទេសទាំងនេះគ្មានសៀវភៅស្នាក់នៅ និងខ្លះគ្មានលិខិតឆ្លងដែន។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បញ្ជាក់ថា ការដ្ឋានសំណង់ចិននេះ មានទីតាំងនៅតាមបណ្ដាលផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បើតាមលោកប្រធាននាយកដ្ឋាន ក្នុងការដ្ឋាននេះមានជនបរទេសសរុប៤៨នាក់ ក្នុងនោះជនជាតិចិន៤៥នាក់ ជនជាតិវៀតណាម៣នាក់ ក្រោយត្រួតពិនិត្យរកឃើញថា មានជនបរទេស៣២នាក់ មានលិខិតឆ្លងដែន ប៉ុន្ដែទាំង៤៨នាក់ គ្មានសៀវភៅការងារ។
ក្រោយត្រួតពិនិត្យនគរបាលជំនាញ បានបញ្ជូនកម្មករជនជាតិចិន១៣ និងវៀតណាម៣នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីបំពេញសំណុំឯកសារចាត់ការតាមនីតិវិធី៕