(កំពង់ឆ្នាំង)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តាំផ្ញើដល់ប្រជាពលរដ្ឋជាច្រើនរយនាក់ នៅស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង ទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតរបស់ខ្លួនឲ្យបានគ្រប់ៗគ្នា ព្រោះបញ្ជីនេះ នឹងត្រូវបញ្ឈប់ការដាក់ប្រកាសហើយ នៅប៉ុន្មានថ្ងៃទៀត។
ថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ក្នុងឱកាសលោក អញ្ជើញជាអធិបតីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាគារស្នាក់ការគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ខេត្តកំពង់ឆ្នាំង ដែលបានធ្វើឡើងនៅភូមិព្រែកពីស ឃុំច្រែស ស្រុកកំពង់ត្រឡាច។
លោករដ្ឋមន្ដ្រីប្រតិភូអម បានបន្ថែមថា «អ្នកដែលបានចុះឈ្មោះបោះឆ្នោតត្រូវពិនិត្យ និងផ្ទៀងផ្ទាត់នូវឈ្មោះពិតប្រាកដរបស់យើង ក្រែងមានការខុសឆ្គងណាមួយ ព្រោះយើងនឹងត្រូវបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាខែមិថុនានេះហើយ ដែលវាជាការសម្រេចចិត្តជ្រើសតាំងមេដឹកនាំឃុំ-សង្កាត់របស់យើង ជាអ្នកផ្តល់ទំនុកចិត្ត និងកសាងសន្តិភាព ការអភិវឌ្ឍន៍ប្រទេសជាតិយើង និងសហគមរបស់យើងផងដែរ»។
ជាមួយគ្នានោះដែរ លោកក៏បានចែកអំណោយនិមិត្តរូប ជាជំនួយម៉ាឡេស៊ី ក្នុងនោះរួមមានអង្ករ៥គីឡូក្រាម សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា៤០០នាក់ ហើយអ៊ីម៉ាំព្រះចៅអធិការវិហារ៤២នាក់ មកពី៤២ភូមិ ក្នុងខេត្តកំពង់ឆ្នាំង ក្នុងម្នាក់បានសារុង១ ផ្តល់កង្ហារ១២គ្រឿង សម្រាប់វិហារចំនួន៣ សម្ភារៈសិក្សាសម្រាប់សិស្សានុសិស្ស៣០០នាក់ ដោយឡែកភាគីម្ចាស់ជំនួយ ក៏បានផ្តល់ថវិការ៥០០ដុល្លារបន្ថែម ជាការចូលរួមក្នុងកិច្ចការសាងសង់ទីស្នាក់ការ។
សូមបញ្ជាក់ថា ទីស្នាក់ការដែលត្រូវបានសម្ពោធឲ្យប្រើប្រាស់នាពេលនេះ មានការិយាល័យ១ខ្នង មានទំហំ៦ម៉ែត្រ គុណ១៤ម៉ែត្រ និងវេទិការ មានទំហំ៦ម៉ែត្រ គុណ៨ម៉ែត្រ ធ្វើអំពីថ្ម ចំណាយទឹកប្រាក់សរុប ១៣,១២១.៩០ដុល្លា ដែលជាជំនួយសប្បុរសជនក្នុងស្រុក ក្រៅស្រុក និងបដិភាគរបស់សាសនិកឥស្លាមតាមបណ្តាភូមិ នៃខេត្តកំពង់ឆ្នាំង។
ក្នុងពេលនេះដែរលោក អូស្មាន ហាស្សាន់ បានឧបត្ថម្ភទឹកប្រាក់២,០០០ដុល្លារ សម្រាប់បង្គ្រប់ថ្លៃសាងសង់អាគារ និងបន្ថែមលើអំណោយអង្ករ៥គីឡូក្រាម ចែកជូនខ្លះប្រជាពលរដ្ឋ៤០០គ្រួសារ៕