(ព្រះសីហនុ)៖ ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុបានសំដែងនៅ ក្តីអស់សង្ឃឹមជាខ្លាំងក្នុងការទៅបំពេញ ឯកសារកាត់ប្លង់ដីរបស់ពួកគាត់ នៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងព្រះសីហនុ ដោយសារតែគ្មានមន្ត្រីមកធ្វើការ។ ប្រជាពលរដ្ឋបានថ្លែងប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅពីមុខការិយាល័យនេះថា រយ:ពេល២ថ្ងៃមកហើយដែលពួកគាត់ ព្យាយាមមកជួបមន្ត្រីភូមិបាល ក្រុងព្រះសីហនុដើម្បីកាត់ឈ្មោះ ផ្ទេរប័ណ្ណកម្មសិទ្ធិដីរបស់ពួកគាត់ ប៉ុន្តែក្តីបំណងនេះត្រូវបានអស់សង្ឃឹមរលីង ដោយសារគ្មានមន្ត្រីមកធ្វើការ ធ្វើឲ្យពួកគាត់ត្រូវខាតបង់ពេលវេលា និងថវិការផងដែរក្នុងការធ្វើដំណើរមកទីនេះ។
នៅក្នុងការិយាល័យនេះវិញគេសង្កេតឃើញ វត្តមានអនុប្រធានតែម្នាក់គត់ អង្គុយធ្វើការក្នុងបន្ទប់របស់គាត់ ដោយបើកភ្លើងប្លុងៗដោយស្ងៀមស្ងាត់បំផុត។ ចំណែកឯមន្ត្រីផ្សេងទៀតរាប់ទាំងផ្នែករដ្ឋបាល សំរាប់សាកសួរព័ត៌មានផ្សេងៗ មិនឃើញមកធ្វើការឡើយ។
ជុំវិញបញ្ហានេះលោក មិន ម៉ូន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងព្រះសីហនុ បានប្រាប់ឲ្យដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះថា រូបលោកនៅភ្នំពេញកំពុងធ្វើដំណើរ ទៅក្រុងព្រះសីហនុវិញហើយ ចំណែកឯមន្ត្រីផ្សេងទៀតនៅក្រុងព្រះសីហនុ ត្រូវបានលោកចាត់ចែងឲ្យចុះទៅ បំពេញភារកិច្ចវាស់វែងផ្ទៃដីបឹងព្រែកទប់ និងមន្ត្រីខ្លះទៀតចុះទៅដោះស្រាយ ទំនាស់របស់ប្រជាពលរដ្ឋ។
ប៉ុន្តែទោះបីជាយ៉ាងនេះក្តីប្រជាពលរដ្ឋ សូមសំណូមពរឲ្យមានមន្ត្រី នៅប្រចាំការនៅកន្លែងផង ជៀសវាងធ្វើឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ដោយសារតែការចំណាយពេលវេលា និងថវិការរបស់ពួកគាត់ដោយឥតប្រយោជន៍។ ជាងនេះទៅទៀតប្រជាពលរដ្ឋក៏បានប្រាប់ឲ្យដឹងដែរថា មន្ត្រីស្ថាប័នពន្ធដារ និងសុរិយោដី ធ្វើប្ញកពារខ្លាំងណាស់ ដែលប្រការនេះសូមថ្នាក់ដឹកនាំអង្គភាពសូមធ្វើការត្រួតពិនិត្យមន្ត្រីក្រោមឱវាទផង៕