(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ហ៊ិដេហិសា ហូរីនូឈិ (Hidehisa HORINOUCHI) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីរបស់ជប៉ុន ប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើជប៉ុន ពិចារណាវិនិយោគលើវិស័យឧស្សាហកម្មធុនស្រាល ដើម្បីជួយអភិវឌ្ឍន៍វិស័យនេះ ឈានទៅរកកម្រិតដែលប្រើកម្លាំងពលកម្មជំនាញកាន់តែខ្ពស់។
លោករដ្ឋមន្ត្រី ក៏បានប្រាប់ឯកអគ្គរាជទូតជប៉ុន អំពីសក្តានុពលនៃវិស័យកសិកម្មរបស់កម្ពុជា ជាពិសេសការកែច្នៃកសិផលស្រូវ និងដំឡូងមី ដើម្បីនាំចេញ ដោយសារកសិករកម្ពុជាទទួលបានទិន្នផលច្រើននៅក្នុងឆ្នាំនេះ ព្រមទាំងបានស្នើភាគីជប៉ុន ជួយក្នុងកិច្ចគាំពារអ្នកប្រើប្រាស់ និងសុវត្ថិភាពចំណីអាហារ ដែលជាបន្ទុកការងាររបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីជំរុញប្រសិទ្ធភាពការងាររបស់ក្រសួងពាណិជ្ជកម្ម។
ជាការឆ្លើយតប លោក ហ៊ិដេហិសា ហូរីនូឈិ បានសន្យាជួយកៀរគរវិនិយោគិនជប៉ុន ឲ្យចូលមកបណ្តាក់ទុនកាន់តែច្រើនថែមទៀតនៅកម្ពុជា ដើម្បីជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកឯកអគ្គរាជទូត មានជំនឿថា កម្ពុជានឹងក្លាយជាប្រទេសមានរីកចម្រើនជឿនលឿនមួយនាពេលអនាគត ហើយជប៉ុននឹងនៅតែបន្តជួយដល់កម្ពុជា លើគ្រប់វិស័យអទិភាពតាមដែលអាចធ្វើបាន ដោយសារប្រទេសទាំងពីរជាមិត្តល្អនឹងគ្នា ហើយមានប្រវត្តិគាំទ្រគ្នាទៅវិញទៅមក។
លើសពីនេះលោកឯកអគ្គរាជទូត បានស្នើសុំជាផ្លូវការដល់រដ្ឋាភិបាលកម្ពុជា ឲ្យចូលរួមបោះឆ្នោតគាំទ្របេក្ខភាពប្រទេសជប៉ុន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឆ្នាំ២០២០-២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុនផងដែរ៕