(ភ្នំពេញ)៖ ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា លោកអាណូ ដាក (Arnaud Darc) បានគូសបញ្ជាក់ថា ប្រទេសអ៉ីតាលីនឹងបើកដំណើរការសភាពាណិជ្ជកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា នាកំឡុងពាក់កណ្តាលឆ្នាំនេះ ដែលមានក្រុមហ៊ុនសរុបជាង ៤០ហើយនឹងក្លាយជាផ្នែកមួយ នៃសភាពាណិជ្ជកម្មអឺរ៉ុប (EU Cham) ដោយសារអ៉ីតាលីពុំមានស្ថានទូតនៅកម្ពុជា។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងសភាពអឺរ៉ុប។
លោក អាណូ ដាក បានបន្ថែមទៀតថា វត្តមានសភាពាណិជ្ជកម្មអ៉ីតាលី នឹងជួយជំរុញកំណើនវិនិយោគក្នុងប្រទេសកម្ពុជា និងបង្កើតឲ្យមានឱកាសការងារថ្មីៗសម្រាប់ប្រជាជន។
«ឥឡូវនេះយើងបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយគាំទ្របច្ចេកទេសដល់ក្រសួងពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយពីនីតិវិធីប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងផលិតផលដែលមានសក្តានុពលរបស់កម្ពុជា ជូនដល់វិនិយោគិនអឺរ៉ុបនៅក្នុងប្រទេសថៃ និងប្រទេសបារាំង»។ លោក អាណូ ដាក បានធ្វើការអះអាង។
លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់លោកប្រធាន EU Cham ដែលបានប្រឹងប្រែងកៀរគរវិនិយោគិនប្រទេសអឺរ៉ុបឲ្យចូលមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា ហើយលោក បានគាំទ្រចំពោះសំណើរបស់ EU Cham ដែលបានសុំធ្វើវិសោធនកម្មលើមាត្រាមួយចំនួន នៃសេចក្តីព្រាងអនុស្សរណៈចំនួន៤ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាង EU Cham និងក្រសួងពាណិជ្ជកម្ម។
លើសពីនេះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានស្នើឲ្យមានការរៀបចំក្រុមការងារបច្ចេកទេស និងរបៀបវារៈនៃកិច្ចប្រជុំទ្វេភាគីឡើងវិញ ដើម្បីពន្លឿនការបញ្ចប់សេចក្តីព្រាងនេះ សម្រាប់ដាក់ជូនភាគីទាំងពីរ ចុះហត្ថលេខានៅក្នុងខែមីនាខាងមុខ៕