(ភ្នំពេញ)៖ នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ ការបិទប្រកាសបញ្ជីឈ្មោះបោះឆ្នោត លើកដំបូងនឹងត្រូវបញ្ចប់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានទៅពិនិត្យបញ្ជីឈ្មោះ សូមប្រញាប់អញ្ជើញទៅពិនិត្យនៅតាមឃុំ-សង្កាត់ឲ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់អង្គភាព Fresh News ដោយធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានពិនិត្យបញ្ជីឈ្មោះដំបូង សូមអញ្ជើញទៅពិនិត្យ បញ្ជីឈ្មោះឲ្យបានគ្រប់ៗគ្នា ដើម្បីប្រាកដថា លោកអ្នកមានឈ្មោះត្រឹមត្រូវ ដែលអាចបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨។
លោក ហង្ស ពុទ្ធា បានបញ្ជាក់យ៉ាងច្បាស់ថា ដំណើរការបិទបញ្ជីឈ្មោះបោះឆ្នោត ធ្វើឡើងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ដែលអាចឲ្យបងប្អូនទៅពិនិត្យ បញ្ជីឈ្មោះរបស់ខ្លួនតាមឃុំ-សង្កាត់ ដែលបងប្អូនបានទៅ ចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះឆ្នោតថ្មី កាលពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក ហង្ស ពុទ្ធា បញ្ជាក់ទៀតថា ក្នុងពេលដែលបងប្អូន បានទៅពិនិត្យបញ្ជីឈ្មោះចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ហើយមានបញ្ហាដូចជា ឈ្មោះខុសអក្ខរាវារុទ្ធ ខុសភេទ ឬអ្វីៗផ្សេងទៀត អាចប្តឹងជំទាស់ នៅឃុំ-សង្កាត់ទំាងនោះបាន។
ជាមួយគ្នានេះ បញ្ជីឈ្មោះបោះឆ្នោតដំបូងនេះ បងប្អូនប្រជាពលរដ្ឋក៏អាចចូលទៅពិនិត្យបានដែរ តាមរយៈគេហទំព័ររបស់ គ.ជ.ប គឺ http://www.voterlist.org.kh៕