(ភ្នំពេញ)៖ តំណាងឲ្យលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាក់ប្រាប់ថា មានក្រុមហ៊ុនធំៗចំនួន៥ មកពីប្រទេសចិន បានចូលមកស្វែងរកឱកាសវិនិយោគ លើវិស័យទេសចរណ៍នៅកម្ពុជា ហើយគោលដៅធំរបស់ពួកគេ គឺចង់វិនិយោគនៅតំបន់ឆ្នេរសមុទ្រ ពិសេសខេត្តព្រះសីហនុ និងខេត្តកំពត។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់ជំនួបរវាង លោករដ្ឋមន្រ្តី ថោង ខុន ជាមួយតំណាងក្រុមហ៊ុនទាំង៥ ខាងលើ ដឹកនាំដោយលោក Yuan Hao នាយកប្រតិបត្តិនៃក្រុមហ៊ុន China CYTS Tours Holding Co,Ltd ដែលជាក្រុមហ៊ុនធំមួយ ក្នុងចំណោមក្រុមហ៊ុនធំៗទាំង៥ខាងលើ ហើយមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនទៀត នាទីស្ដីការក្រសួងទេសចរណ៍។
លោករដ្ឋលេខាធិការ បានឲ្យដឹងថា «ក្រុមហ៊ុនទាំង៥នេះ គាត់មកពីប្រទេសចិន សុទ្ធតែជាក្រុមអ្នកវិនិយោគធំៗ ដែលចូលមកស្វែងរកឱកាសវិនិយោគ និងព័ត៌មានពាក់ព័ន្ធនានា សម្រាប់ការវិនិយោគ លើវិស័យទេសចរណ៍នៅកម្ពុជា ហើយការចូលមករបស់ក្រុមហ៊ុនទាំងនេះ គេបានសិក្សាអំពីសក្ដានុពលវិស័យទេសចរណ៍ បានខ្លះៗហើយ»។
លោក ទិត ចន្ថា បានបន្តថា ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ថោង ខុន ក៏បានជម្រាបជូនព័ត៌មានសំខាន់ ជូនតំណាងក្រុមហ៊ុនទាំងនោះ បានជាច្រើនហើយដែរ ក្នុងនោះរួមមាន ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាគោលនយោបាយចម្បង របស់រាជរដ្ឋាភិបាលកម្ពុជា ហ៊ុព័ទ្ធដោយភាពសុខដុមរមនា សុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ន និងបន្តថែរក្សាទៅថ្ងៃអនាគត។ មួយទៀតសោត កម្ពុជាមានសក្ដានុពលទេសចរណ៍ពីធម្មជាតិជាច្រើន ដែលសុទ្ធសឹងជាឱកាសវិនិយោគដ៏សម្បូរបែប។
ក្នុងជំនួបនោះ លោករដ្ឋមន្រ្តីបានជម្រាបប្រាប់ក្រុមអ្នកវិនិយោគចិនបន្តថា តាំងពីប្រវត្តិសាស្រ្ត រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា មានកិច្ចសហប្រតិបត្តិការល្អ និងមិត្តភាពយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលចិន ពិសេសក្រោយដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជា របស់លោកប្រធានាធិបតីចិន ស៊ី ជិនពេញ កាលពីពេលកន្លងទៅថ្មីៗ ក៏កាន់តែជំរុញកំណើនភ្ញៀវទេសចរចិន និងអ្នកវិនិយោគចិន ចូលមកទស្សនាកម្សាន្ត និងវិនិយោគនៅកម្ពុជា ច្រើនឡើងថែមទៀតដែរ។
មួយវិញទៀត ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជា បាននិងកំពុងមានសន្ទុះកើនឡើង រៀងរាល់ឆ្នាំ ហើយការផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរពិភពលោក ក៏កាន់តែយ៉ាងទូលំទូលាយផងដែរ។ លោករដ្ឋលេខាធិការថា «ជាក់ស្ដែង ក្នុងឆ្នាំ២០១៦នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ជាង៥លាននាក់ ក្នុងអត្រាកំណើនប្រមាណ ៥ភាគរយ បន្ថែមទៀត នេះជាការប៉ានប្រមាណដំបូង ព្រោះការបូកសរុបផ្លូវការ មិនទាន់ទទួលបាននៅឡើយទេ»។
លោក ទិត ចន្ថា បានបន្ថែមថា ក្រុមអ្នកវិនិយោគរបស់ចិនទាំងនេះ ពួកគេចង់វិនិយោគ «លើវិស័យសណ្ឋាគារ ភោជនីយដ្ឋាន តំបន់កម្សាន្តនានា ផ្សារទំនើបធំៗ ក្លឹបកីឡា និងវិស័យជាច្រើនទៀត ដែលទាក់ទងទៅវិស័យទេសចរណ៍»។
លោករដ្ឋមន្រ្តី ថោង ខុន ក៏បានអំពាវនាវដល់ក្រុមអ្នកវិនិយោគចិនទាំងនោះ ធ្វើយ៉ាងសម្រេចឲ្យបានគោលដៅសិក្សាស្រាវជ្រាវរបស់ខ្លួន និងធ្វើការវិនិយោគទុនឲ្យបានច្រើន រាជរដ្ឋាភិបាលកម្ពុជា រីករាយស្វាគមន៍ជានិច្ច។ ឆ្លើយតបនឹងសំណើនេះ ខាងភាគីចិនបានសន្យា នឹងខិតខំកៀរគរអ្នកវិនិយោគ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ឲ្យបានស្វែងរកឱកាសវិនិយោគ និងមកវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើនផងដែរ។
សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង៥នោះ រួមមាន៖ ទី១.ក្រុមហ៊ុន China CYTS Tours Holding Co,Ltd, ទី២.ក្រុមហ៊ុន China Enterprise News Group, ទី៣.ក្រុមហ៊ុន Key Royal Capital, ទី៤.ក្រុមហ៊ុន Yunshan Capital និងទី៥.ក្រុមហ៊ុន Shu & Cambodia Tianyu Company។
បើតាមលោក ទិត ចន្ថា បានឲ្យដឹងថា ក្នុងឆ្នាំ២០១៦ ភ្ញៀវទេសចរចិនដែលចូលមកទស្សនាកម្ពុជា មានសន្ទុះកើនឡើង គួរឲ្យកត់សម្គាល់ មានប្រមាណ «ជិត២០ភាគរយបន្ថែមទៀត» ដែលឆ្នាំ២០១៥ ភ្ញៀវចិនមកទស្សនាកម្ពុជា កើនជាង២៤ភាគរយ តែឆ្នាំ២០១៦៕