(កំពង់ចាម)៖ រយៈពេល២ថ្ងៃ គឺថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០១៧នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបគ្រឿងញៀនបាន៣ករណី ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១២នាក់ និងដកហូតគ្រឿងញៀនបានមួយចំនួនធំ។
លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឲ្យដឹងនៅយប់នេះថា ប្រតិបត្តិការនេះធ្វើឡើងនៅ៣ទីតាំងផ្សេងគ្នា រួមទីតាំងទី១៖ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់គ្រឿងញៀនបានចំនួន៦នាក់ ទី១៖ឈ្មោះ លីន ពេជ្រ វណ្ណអរុណ ភេទប្រុស អាយុ១៦ឆ្នាំ, ទី២៖ឈ្មោះ ជាង លីហួច ភេទប្រុស អាយុ១៧ឆ្នាំ, ទី៣៖ឈ្មោះ ឡេង ដាលិះ ភេទប្រុស អាយុ១៧ឆ្នាំ, ទី៤៖ឈ្មោះ ទូលាស់ ម៉ាអាត ភេទប្រុស អាយុ៣៣ឆ្នាំ, ទី៥៖ឈ្មោះ កូប សារី ភេទប្រុស អាយុ៣៥ឆ្នាំ និងទី៦៖ឈ្មោះ រិទ្ធ ម៉ារី ភេទស្រី អាយុ១៤ឆ្នាំ។ ក្នុងនោះកម្លាំងជំនាញដកហូតបាន សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន, ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ២គ្រឿង។
លោកមេបញ្ជាការ បន្ថែមថា ទីតាំងទី២៖ នៅចំណុចភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ទី១៖ឈ្មោះ យ៉ាន ចិន្តា ភេទស្រី អាយុ១៩ឆ្នាំ, ទី២៖ឈ្មោះ ឈុន សង្រ្គាម ភេទប្រុស អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ ម៉ាត់ វី ភេទប្រុស អាយុ២១ឆ្នាំ និងទី៤៖ឈ្មោះ យ៉ា ប៉េស ភេទប្រុស អាយុ៣៨ឆ្នាំ។ ក្នុងនោះកម្លាំងដកហូតបាន ថ្នាំញៀនប្រភេទម្សៅក្រាម ពណ៌ស១៥កញ្ចប់, ទូរសព្ទ័ដៃ៥គ្រឿង, ម៉ូតូ១គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
បើតាមលោកឧត្តមសេនីយ៍ត្រី សោ សាវឿន ទីតាំងទី៣៖ នៅចំណុចភូមិរការទ្វា ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ កម្លាំងអាវុធខេត្តកំពង់ចាម សហការជាមួយកម្លាំងអាវុធស្រុកខ្សាច់កណ្ដាល នគរបាលស្រុកខ្សាច់កណ្ដាល ក្រោមការសម្របសម្រូលពីលោក លឹម សុគន្ថា ព្រះរាជអាជា្ញសាលាដំបូងខេត្តកណ្តាល ហើយកម្លាំងជំនាញ ឃាត់ជនសង្ស័យបាន២នាក់ ទី១៖ឈ្មោះ ងួន រដ្ឋា អាយុ៣៨ឆ្នាំ, ទី២៖ឈ្មោះ ហ៊ឹម ស្រីចាន់ អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធ។ ក្នុងនោះជំនាញដកហូតបាន ថ្នាំញៀនម៉ាទឹកកក១កញ្ចប់ធំ និងសម្ភារៈមួយចំនួនទៀត។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំងអស់នេះ ខ្លះបញ្ជូនទៅមន្ទីរអប់រំកែប្រែ និងខ្លះទៀតកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕