(ភ្នំពេញ)៖ មន្ដ្រីនគរបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ព្រោះពេលនេះមានជនជាតិចិនមួយក្រុម មានគ្នា៣នាក់ កំពុងតែដើរយកស្ពាន់ទៅលក់ ហើយប្រាប់ជាមាសពិតប្រាកដ។ បុរសជនជាតិចិនទាំងអស់នោះបាន យកដុំស្ពាន់បន្លំថាជាមាសសុទ្ធ ដោយមានរូបរាងដូច មាសស្នូក និងរូបសំណាក របស់ប្រទេសចិន។
យោងតាមពាក្យបណ្តឹងទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧របស់ជនរងគ្រោះឈ្មោះ ឈួន គីទូច និងឈ្មោះ គឹម សុខចំរើន បានបញ្ជាក់ថា នៅវេលាម៉ោង៤៖១០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ មានបុរសជនជាតិចិន៣នាក់ បានទំនាក់ទំនងមកជនរងគ្រោះ គឹម សុខចំរើន ដែលចេះភាសាចិន តាមរយៈទូរស័ព្ទលេខ ០៨៦ ៦៥ ២២ ៥៨ ថាមានមាសយកមកលក់ឲ្យចំនួន២១ដុំ។
ក្រោយមកបុរសជនជាតិចិនទាំង៣នាក់នោះ បានយកមាសសុទ្ធ១ដុំ មកឲ្យជនរងគ្រោះពិនិត្យសិន ហើយជនរងគ្រោះបានយកមាសនោះ ទៅឲ្យជាងមាសដុត ឃើញថាជាមាសសុទ្ធមែន បន្ទាប់មកបុរសជនជាតិទាំង៣នាក់ ក៏យកមាស២០ដុំមកបន្ថែមទៀត ដោយតម្លៃសរុប មាស ២១ដុំនោះ គឺ១០,៧០០ដុល្លារ។
លុះទទួលលុយពីជនរងគ្រោះភ្លាម ពួកគេបានចាកចេញយ៉ាងប្រញាប់ដោយសន្យាថា នឹងយកដុំមាសមកលក់ឲ្យទៀត ប៉ុន្តែក្រោយពីបុរសចិនចេញទៅបាត់ ជនរងគ្រោះបានយកមាសទៅឲ្យជាងមាសដុតមើលទើបដឹងថា ជាស្ពាន់ ដោយក្រុមបុរសជនជាតិទាំង៣នាក់នោះ មានគំនិតទុច្ចរិត ប្រើល្បិចកលបន្លំ បោកប្រាស់។
ហេតុដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្នកុំឲ្យជនទាំងនោះបោកប្រាស់ ហើយប្រសិនប្រជាពលរដ្ឋឃើញជនជាតិចិនទាំង៣នាក់ដូចរូបថត សូមទាក់ទងលេខទូរស័ព្ទ ០១០ ៥៨៨ ៤៨៩ និង០៩៧ ៧៦១ ៦២៩ ៨៕