(ហុងកុង)៖ មន្ត្រីធំលំដាប់ទី២ម្នាក់ក្នុងទីក្រុងហុងកុង លោកស្រី Carrie Lam បានសម្រេចចិត្តលាលែងពីមុខតំណែងហើយនៅថ្ងៃព្រហស្បតិ៍នេះ ក្រោមការរំពឹងថាលោកស្រីអាចនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត យកតំណែងជាមេដឹកនាំទីក្រុងហុងកុង នៅខែមីនាខាងមុខនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។
យោងតាមស្ថានីយទូរទស្សន៍ខែ្សកាបហុងកុង លោកស្រី Lam បានដាក់លិខិតលាលែងពីមុខតំណែងជា ប្រធានលេខាធិការក្រុងហុងកុងហើយ ប៉ុន្តែភ្លាមៗខាងការិយាល័យលោកស្រីនៅមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ ខណៈអតីតលេខាធិការហិរញ្ញវត្ថុលោក John Tsang ដែលបានលាលែងពីតំណែងកាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៦ ក៏ត្រូវបានគេរំពឹងទុកដែរថា នឹងអាចចូលរួមប្រកួតប្រជែងជាមួយលោកស្រី Lam យកតំណែងជាមេដឹកនាំទីក្រុងហុងកុង បើទោះជាលោកមិនទាន់ប្រកាសជាផ្លូវការក៏ដោយ។
គួរបញ្ជាក់ថាលោកស្រី Lam មានអាយុ៥៩ឆ្នាំ និងតែងតែស្លៀករ៉ូបប្រពៃណីចិន Cheongsam បានកាន់តំណែងជាប្រធានលេខាធិការក្រុងហុងកុង ចាប់តាំងពីឆ្នាំ២០១២។ មិនតែប៉ុណ្ណោះស្ត្រីរូបនេះ ត្រូវបានគេស្គាល់ថា ជាមនុស្សម្នាក់មានវិន័យតឹងរ៉ឹង និងពេញដោយសមត្ថភាពរហូតដល់មានអ្នកខ្លះដាក់រហ័ស្សនាមឱ្យលោកស្រីថា «អ្នកចម្បាំង» ទៀតផង៕