(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា នៅឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធចូលថវិកាជាតិ បានចំនួនជិត១៥០០លានដុល្លារ។
ការបញ្ជាក់ពីចំណូលពន្ធនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល គ្រប់គ្រងប្រមូលចំណូលប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកទេសដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញ លទ្ធផលប្រមូលចំណូលពន្ធ បស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានលទ្ធផលល្អ គួរជាទីមោទនៈ ដោយក្នុងខែធ្នូ ឆ្នាំ២០១៦ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន ៣៥០,២១៧.៧៩លានរៀល ស្មើនឹងប្រមាណជា ៨៧.៥៥លានដុល្លារ។
លោក គង់ វិបុល បញ្ជាក់ទៀតថា សម្រាប់រយៈពេល១២ខែ ឆ្នាំ២០១៦ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានចំនួន ៥,៩៨៨,៧០៥.២៥លានរៀល ដែលស្មើនឹងប្រមាណ ១,៤៩៧.១៨លានដុល្លារ ស្មើនឹង១០៥.៣២% នៃផែនការក្នុងនោះ៖
* ថវិកាថ្នាក់ជាតិ ប្រមូលបានចំនួន ៥,២៤០,២០៨.៤៤លានរៀល ស្មើនឹងប្រមាណជា ១,៣១០.០៥ លានដុល្លារ។
* ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ បានចំនួន ៧៤៨,៤៩៦.៨១ លានរៀល ស្មើនឹងប្រមាណជា ១៨៧.១២ លានដុល្លារ។
* ប្រសិនបើប្រៀបធៀបនឹងការអនុវត្តឆ្នាំ២០១៥ ឃើញថា ការអនុវត្តប្រមូលចំណូល ពន្ធ-អាករគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៦ កើនឡើងចំនួន ៧៧៨,៤៨៣.១៩ លានរៀល ស្មើនឹងប្រមាណជា១៩៤.៦២លានដុល្លារ ឬស្មើនឹងអត្រាកំណើន ១៤.៩៤%។
ជាមួយគ្នានេះ ក្នុងឆ្នាំ២០១៦ អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា មានការកើនឡើងផងដែរ នូវចំណូលពន្ធ-អាករតាម ប្រភេទពន្ធ និងសកម្មភាពអាជីវកម្មសំខាន់ៗមួយចំនួន ដូចជា៖ ពន្ធលើប្រាក់ចំណេញ កើនឡើង ១៨.៤%, ពន្ធលើប្រាក់បៀវត្ស កើនឡើង២០%, អាករលើតម្លៃបន្ថែមកើនឡើង ១៥.២%, និងអាករពិសេស កើនឡើង ២៣.៤%។ ចំណែកឯចំណូលពន្ធ-អាករ តាមសកម្មភាពអាជីវកម្ម ក៏មានការកើនឡើងស្ទើរគ្រប់ប្រភេទអាជីវកម្ម ផងដែរ។
ក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ និងការកោតសរសើរចំពោះ អគ្គនាយកពន្ធដារ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការពន្ធដារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ប្រមូលចំណូលពន្ធ ប្រកបដោយប្រសិទ្ធភាព ដោយសម្រេចបានតាមផែនការកំណត់ និងលើសផែនការច្បាប់ ក្នុងរយៈពេល០៥ ឆ្នាំជាប់ៗគ្នាចុងក្រោយនេះ។
លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រ និងឯកភាពទាំងស្រុង ចំពោះវិធានការនានា ដែលបានដាក់ចេញដោយលោក គង់ វិបុល ក្នុងន័យបង្កើនផលិតភាព ក៏ដូចជាប្រសិទ្ធភាពការងារប្រមូលចំណូលពន្ធ ព្រមទាំងជំរុញឲ្យបន្តអនុវត្តនូវ ផែនការសកម្មភាព និងកម្មវិធីកែទម្រង់ ក៏ដូចជាការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ជាពិសេស ពិនិត្យកែសម្រួលលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីអនុវត្តប្រកបដោយសង្គតិភាព និងដោយរលូន ពាក់ព័ន្ធនឹងការកែសម្រួលមួយចំនួនដូចមានចែងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។
ព្រមជាមួយនេះ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានផ្តល់អនុសាសន៍ណែនាំបន្ថែម ដល់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម ៖
១៖ បន្តអនុវត្តប្រកប ដោយប្រសិទ្ធភាពខ្ពស់ នូវយុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល និងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ។
២៖ ពង្រឹងការផ្តល់សេវា ជូនអ្នកជាប់ពន្ធ តាមរយៈការដាក់ផែនការ រៀបចំសិក្ខាសាលាសម្រាប់ឆ្នាំ២០១៧, ពង្រឹងការឆ្លើយតបឲ្យបានឆាប់រហ័ស ជូនអ្នកជាប់ពន្ធចំពោះបញ្ហា ដែលបានលើកឡើង ព្រមទាំងជំរុញ និងពង្រឹងការប្រើប្រាស់ ភ្នាក់ងារសេវាកម្មពន្ធដារ។ ព្រមជាមួយនេះ បន្តលើកកម្ពស់ និងបញ្ជ្រាបនូវវប្បធម៌ នៃការបង់ពន្ធឲ្យបានកាន់ តែច្រើនថែមទៀត ជាពិសេស ការអនុវត្តច្បាប់ស្តីពីសារពើពន្ធ នៅក្នុងចំណោមធុរជន គ្រប់មជ្ឈដ្ឋាន តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រព័ន្ធពន្ធដារកម្ពុជា។
៣៖ ពង្រឹងការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាព ព័ត៌មានសហគ្រាស តាមរយៈយន្តការ ចុះបញ្ជីជាឯកតោភាគី និងការបន្តជំរុញសហគ្រាស ដែលពុំទាន់បានមកធ្វើបច្ចុប្បន្នភាពព័ត៌មាន ឬចុះបញ្ជីក្នុងប្រព័ន្ធចាស់ ឲ្យមកធ្វើបច្ចុប្បន្នភាព បានគ្រប់ៗសហគ្រាស និងអនុវត្តវិធានការច្បាប់ ចំពោះសហគ្រាសដែលមិនព្រមអនុវត្តច្បាប់។
៤៖ ពង្រឹងការដាក់លិខិត ប្រកាសពន្ធប្រចាំខែនិងប្រចាំឆ្នាំ ពិសេស ដាក់លិខិតប្រកាសបង់ពន្ធ លើប្រាក់ចំណេញប្រចាំឆ្នាំ២០១៦ ដែលឈានចូលមកដល់នេះ តាមរយៈការពិនិត្យតាមដាន ជាប្រចាំចំពោះការបង់ប្រាក់ពន្ធ, ការរំឭកសហគ្រាស ដែលមិនមកដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ, ការបង្កើនការពិនិត្យ ផ្ទៀងផ្ទាត់វិក្កយ- បត្រអាករ (VAT Cross Checking), ការត្រួតពិនិត្យលើវិធានការ ប្រើប្រាស់វិក្កយបត្រ ព្រមទាំងរៀបចំសិក្ខាសាលា អប់រំផ្សព្វផ្សាយស្តីពីកាតព្វកិច្ច និងនីតិវិធីនៃការដាក់លិខិត ប្រកាសបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ។
៥៖ ពង្រឹងការគ្រប់គ្រងប្រមូល អាករពិសេសលើផលិតផលបារី តាមរយៈការពង្រឹងកិច្ចសហការ ជាមួយអគ្គនាយក ដ្ឋានគយនិងដ្ឋាករកម្ពុជា ក្នុងការៀបចំបោះពុម្ពសន្លឹក តែមប្រិ៍អាករថ្មីដែលមានសុវត្ថិភាព និងប្រព័ន្ធគ្រប់គ្រង បានល្អប្រសើរជាងមុន និងពង្រឹងការអនុវត្តច្បាប់ដែលមានជាធរមាន។
៦៖ ពង្រឹងការធ្វើសវនកម្មសហគ្រាស ជាពិសេស សហគ្រាសក្នុងវិស័យសំណង់ វិស័យទូរគមនាគមន៍ វិស័យដឹកជញ្ជូនផ្លូវគោក និងដឹកជញ្ជូនអន្តរជាតិ។
៧៖ ពង្រឹងការអនុវត្តការកំណត់វិធាន និងនីតិវិធីនៃការអនុវត្តបញ្ជីគណនេយ្យសាមញ្ញ សម្រាប់អ្នកជាប់ពន្ធតូច ការធ្វើចំណាត់ថ្នាក់អ្នកជាប់ពន្ធ តាមរបបស្វ័យប្រកាស និងនីតិវិធីគ្រប់គ្រងប្រមូលពន្ធប៉ាតង់។
៨៖ បន្តនីតិវិធីនៃការ ចុះអង្កេតស្រាវជ្រាវ សហគ្រាសតាមដងផ្លូវ (Street Survey) ដើម្បីឲ្យសហគ្រាសដែល មិនបានចុះបញ្ជីត្រឹមត្រូវ ឬលាក់ខ្លួនមិនព្រមមកចុះបញ្ជីពន្ធដារ នៅក្នុងខណ្ឌនានា នៃរាជធានីភ្នំពេញ ឲ្យបានមកចុះបញ្ជីពន្ធដារ បានគ្រប់ៗគ្នា។
៩៖ ពង្រឹង និងបង្កើនប្រសិទ្ធភាព គ្រប់គ្រងការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ តាមរយៈការចុះត្រួតពិនិត្យ ការអនុវត្តបង់ពន្ធប្រភេទនេះ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
១០៖ ពង្រឹងការប្រមូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនទ្រព្យ ព្រមទាំងពន្ធលើអចលនទ្រព្យ តាមរយៈការធ្វើបច្ចុប្បន្នភាព អចលនទ្រព្យទូទាំងប្រទេស។
១១៖ ពង្រឹងអភិបាលកិច្ចល្អ របស់រដ្ឋបាលសារពើពន្ធ តាមរយៈការធ្វើកំណែទម្រង់ រចនាសម្ព័ន្ធការងារ និងប្រព័ន្ធការងារ ការពង្រឹងមុខងារភារកិច្ច របស់អង្គភាពក្រោមឱវាទទាំងអស់ ដើម្បីរៀបចំក្របខ័ណ្ឌប្រព័ន្ធការងារមួយ ដែលមានលក្ខណៈស៊ីសង្វាក់ ប្រទាក់ក្រឡាគ្នា និងជួយជំរុញបង្កើនប្រសិទ្ធភាព និងផលិតភាព ការងាររបស់អគ្គនាយកដ្ឋានពន្ធដារ។
១២៖ បន្តអប់រំណែនាំ ពង្រឹងការអនុវត្តច្បាប់ និងសមត្ថភាពមន្រ្តីពន្ធដារគ្រប់លំដាប់ថ្នាក់ ពង្រឹងអភិបាលកិច្ចល្អ របស់រដ្ឋបាលសារពើពន្ធ ជាពិសេសការកែប្រែផ្នត់គំនិត (Mindset) របស់មន្រ្តីរាជការពន្ធដារ គ្រប់រូបឲ្យយកចិត្តទុកដាក់អនុវត្ត ការងារប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ដោយឈរលើមនសិការវិជ្ជាជីវៈ និងស្មារតីតម្កល់ផលប្រយោជន៍ជាតិ ជាចម្បង ដោយចូលរួមអនុវត្តព្រមៗគ្នា នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណាធានា បាននូវប្រសិទ្ធភាព នៃការប្រមូលចំណូលពន្ធ ដោយផ្អែកលើអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និង ព្យាបាលជំងឺ» ដែលបានដាក់ចេញដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងអភិក្រមការងារទាំងបួន ដែលបានដាក់ចេញ ដោយឯកឧត្តមទេសរដ្ឋមន្ត្រី។
លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ គ្រប់អង្គភាពក្រោមឱវាទ អគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាង សកម្មក្នុងការខិតខំ ប្រឹងប្រែងប្រមូលចំណូលរហូត ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនេះគឺជាជោគជ័យរួមរបស់ អគ្គនាយកដ្ឋានពន្ធដារ ព្រោះថា ប្រសិនបើមិនមានការចូលរួម ពីគ្រប់អង្គភាពពាក់ព័ន្ធ លទ្ធផលប្រមូលចំណូលពន្ធនេះ នឹងមិនអាចសម្រេចទៅប្រកបដោយលទ្ធផលត្រចះត្រចង់បែបនេះបានឡើយ។
ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់ការណែនាំបន្ថែមដល់គ្រប់អង្គភាព ឲ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ផ្អែកទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ ធ្វើយ៉ាងណាឲ្យអ្នកជាប់ពន្ធសប្បាយចិត្ត មិនសម្តែងការរអ៊ូរទាំ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនរដ្ឋ៕