(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមបើកកិច្ច ប្រជុំកំពូលយុវជនពិភពលោក ឆ្នាំ២០១៧ ក្រោមប្រធានបទ «បរិស្ថានស្អាតគឺផ្ដើមចេញពីយុវជន» ដោយមានការ សហការជាមួយមូលនិធិ Hemispheres ដែលធ្វើឡើងនៅទីស្ដីការក្រសួងបរិស្ថាន ។
នៅក្នុងពិធិបើកកិច្ចប្រជុំកំពូលយុវជនពិភពលោក ឆ្នាំ២០១៧ នេះ មានការចូលរួមពី លោកស្រី Phua Ann ប្រធានមូលនិធិ Hemispheres និងវាគ្មិន គណៈអធិបតី រដ្ឋមន្រ្តីក្រសួងបរិស្ថាន អគ្គរដ្ឋទូតសិង្ហប្រចាំនៅកម្ពុជា អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នាយកដ្ឋានអប់រំបរិស្ថាន និងយុវជនប្រមាណ១៨០នាក់ មកពី០៩ប្រទេស គឺប្រទេសកម្ពុជា ,ចិន,ឥណ្ឌូនេស៊ី,ឡាវ,អូម៉ង់,ហ្វីលីពីន,ថៃឡង់,សឹង្ហបុរី និងវៀតណាមផងដែរ។
កិច្ចប្រជុំកំពូលយុវជនពិភពលោក GYS (Global Youth Summit) គឺជាកម្មវិធីសកលសម្រាប់យុវជនដែលមានដំណោះស្រាយដែលមានអាយុចន្លោះ ពី១១ ដល់២១ឆ្នាំ ជួបជុំគ្នា ដើម្បីរៀបចំបណ្ដាញ ពិភាក្សា និងផ្តួចផ្ដើមគំនិតច្នៃប្រឌិតសម្រាប់ដំណោះស្រាយប្រកបដោយនិរន្តរភាពក្នុងការការពារកុមារ ទឹកសាប និងបរិស្ថានធម្មជាតិពីការបំផ្លិចបំផ្លាញ ។
កិច្ចប្រជុំកំពូលយុវជនពិភពលោកនេះ ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមប្រទេសកំណត់ ដោយមូលនិធិ Hemispheres ហើយក្រោមប្រធានបទផ្សេងៗគ្នាពាក់ព័ន្ធ នឹងបរិស្ថាន ឫសង្គម អាស្រ័យទីលើប្រទេសទទួលរៀបចំកិច្ចប្រជុំកំពូលនេះ ។
កិច្ចប្រជុំនេះផ្តួចផ្ដើមរៀបចំដោយមូលនិធិ Hemispheres ដែលលើកទី១បានប្រារព្ធធ្វើឡើងនៅប្រទេសសិង្ហបុរីឆ្នាំ២០១៤ លើកទី២ធ្វើនៅប្រទេសវៀតណាមឆ្នាំ២០១៥ លើកទី៣ ធ្វើនៅប្រទេសឥណ្ឌូនេស៊ី ហើយលើកទី៤នឹងប្រារព្ធធ្វើឡើងនៅប្រទេសកម្ពុជា ឆ្នាំ២០១៧ ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលយុវជនពិភពលោក ២០១៧ (GYS) នឹងធ្វើឡើងចំនួនពីលើក លើកទី១ ធ្វើនៅរាជធានីភ្នំពេញចាប់ពីថ្ងៃ១២-១៤ ខែមករា ឆ្នាំ២០១៧ និងលើកទី២ ធ្វើនៅខេត្តសៀមរាប ចាបពីថ្ងៃ១៣-១៥ ខែកក្ដដា ឆ្នាំ២០១៧ ក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍អ្នកដឹកនាំយុវជន និងជួយជំរុញការរកដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិតសម្រាប់បរិស្ថាន និងសុខុមាលភាពសង្គម ៕