(ភ្នំពេញ)៖ យុវជនម្នាក់ជាថៅកែរោងពុម្ពឯកជន មួយនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ក្រោយលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «រំលោភសេពសន្ថវៈ»។
មន្ដ្រីតុលាការ បញ្ជាក់ថា ជនជាប់ឈ្មោះ ប៊ុត ច័ន្ទរ៉ា អាយុ៣២ឆ្នាំ ជាថៅកែរោងពុម្ពឯកជន មានទីតាំងស្ថិតនៅផ្ទះលេខ៥៦៧៨ ផ្លូវលេខ៣៦៩ ភូមិអូអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ។
សូមបញ្ជាក់ថា មុនពេលកើតហេតុ ស្ដ្រីរងគ្រោះដែលមកធ្វើការក្នុងរោងពុម្ពនេះ ត្រូវបានឈ្មោះ ប៊ុត ច័ន្ទរ៉ា តែងតែចំណាយពេលមកចែចង់ជារឿយៗ នៅក្នុងរោងពុម្ពរបស់ខ្លួន ព្រោះកម្មករទាំងអស់ស្នាក់នៅក្នុងរោងពុម្ពតែម្ដង។ លុះដល់យប់រំលងអាធ្រាទ្រ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យ ឈ្មោះ ប៊ុត ច័ន្ទរ៉ា មកពីផឹកស៊ីវិញ ក៏ចូលទៅក្នុងផ្ទះកម្មករស្នាក់នៅ ចាប់ជនរងគ្រោះរំលោភរហូតបានសម្រេច តាមបំណងប្រាថ្នា។
ប៉ុន្ដែអកុសល ការរំលោភនោះមិនបានបិតបាំងជិតនោះទេ ព្រោះកម្មករទាំងអស់បានស្នាក់នៅក្នុងផ្ទះរួមគ្នា លុះដល់ព្រឹកឡើងរឿងនេះ បែកខ្ចាយដូចបែកក្អម បង្ខំចិត្តឲ្យជនរងគ្រោះប្ដឹងតែម្ដង ទោះបីជាក្រុមគ្រួសារជនសង្ស័យ ចង់សម្របសម្រួលជាមួយជនរងគ្រោះក៏មិនកើតដែរ ហើយសមត្ថកិច្ចចាប់ជនសង្ស័យមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនឡើងតុលាការចាត់ការតាមច្បាប់តែម្ដង៕