(រតនគិរី)៖ បន្ទាប់ពីការរស់នៅដោយឯករាជ្យអស់រយៈពេលជាច្រើនឆ្នាំមកនោះ ខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល ត្រូវបានដាក់បញ្ចូលក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទហើយ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ។
ពិធីដាក់បញ្ចូលខណ្ឌរដ្ឋបាលជលផល និងព្រៃឈើ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក ថង សាវុន អភិបាលខេត្តរតនគិរី ព្រមទាំងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធក្នុងខេត្តជាច្រើននាក់ផ្សេងទៀត។ ក្រៅពីការដាក់បញ្ចូលខណ្ឌរដ្ឋបាលជលផល និងព្រៃឈើទៅក្រោមមន្ទីរកសិកម្មហើយនោះ ក៏មានការប្រគល់ត្រាថ្មីជូនប្រធានមន្ទីរផងដែរ។
ក្នុងឱកាសនោះ លោក ហាស សារ៉េត និងលោក ថង សាវុន ផ្តាំផ្ញើដល់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវខិតខំបន្តត្រួតពិនិត្យការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ការនេសាទខុសច្បាប់ ការដឹកជញ្ជូនឈើខុសច្បាប់ បន្តសហការទំនាក់ទំនងឲ្យបានជិតស្និទ្ធជាមួយអាជ្ញាធរក្នុងខេត្ត ដៃគូអង្គការសង្គមស៊ីវិល សហគមន៍ ផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប និង០២ បប របស់រាជរដ្ឋាភិបាល ឲ្យបានដល់សហគមន៍។
ទាំងលោក ហាស សារ៉េត និងលោក ថង សាវុន ក៏បានផ្តាំផ្ញើឲ្យមានការសហការទប់ស្កាត់បទល្មើសព្រៃឈើ បទល្មើសនេសាទខុសច្បាប់ឲ្យមានប្រសិទ្ធភាព រៀបចំអភិវឌ្ឍន៍សហគមន៍ព្រៃឈើ និងសហគមន៍នេសាទផ្សេងៗ ឲ្យក្លាយជាសហគមន៍រីកចម្រើន មានការទាក់ទាញ និងបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងគោលដៅរួម គឺលើកកម្ពស់ និងដោះស្រាយរាល់កិច្ចការងារ ដែលកសិករជួបប្រទះ។
សូមបញ្ជាក់ថា ខណ្ឌរដ្ឋបាលព្រៃឈើ និងជលផល នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមិនបានស្ថិតនៅក្រោមដំបូលរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះឡើយ។ ដោយមើលឃើញពីផលលំបាកក្នុងការគ្រប់គ្រង ក៏ដូចជាកិច្ចសហការក្នុងពេលប្រតិបត្តិការងារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅអំឡុងឆ្នាំ២០១៦ ក៏បានបញ្ជាឲ្យមានការកែសម្រួល និងរៀបំដាក់បញ្ចូលរដ្ឋបាលទាំងពីរនេះទៅក្រោមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក៏ក្រោមការគ្រប់គ្រងរបស់គណៈបញ្ជាការឯកភាពខេត្តផងដែរ៕