(ភ្នំពេញ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានបង្គាប់ឱ្យ នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត្រ បញ្ឈប់ការយកលុយលើលិខិតអនុញ្ញាតបណ្តោះអាសន្នសម្រាប់ការចេញ-ចូលផ្សាររុងក្លឿប្រទេសថៃ។

តាមរយៈលិខិតរបស់ លោក សួន បវរ ដែលផ្ញើជូន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «យោងតាមអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ សម្រេចមិនឱ្យលក់លិខិតអនុញ្ញាតបណ្តោះអាសន្ន តម្លៃ១០០០រៀល (១០បាត) ចំពោះប្រជាពលរដ្ឋទូទៅ ដែលឆ្លងកាត់ចេញចូលផ្សាររុងក្លឿ ប្រទេសថៃ ចាប់ពីថ្ងៃទីដំណឹងនេះតទៅ។ ប៉ុន្តែការផ្តល់សេវាផ្សេងៗជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្ត ស្នើឱ្យលោកប្រធានស្នាក់ការ និងលោកនាយប៉ុស្តិ៍ បន្តយកចិត្តទុកដាក់បម្រើសេវាប្រកបដោយតម្លាភាព សមធម៌ និងទាន់ពេលវេលា»។