(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងឆ្លៀតប្រើប្រាស់ពេលវេលា និងឱកាសដែលសម្តេចចូលរួមក្នុងវេទិកា ពិភពលោក ក្នុងឆ្នាំ២០១៧ ដែលប្រព្រឹត្តនៅទីក្រុងដារ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស ផ្សព្វផ្សាយពីប្រទេសកម្ពុជា ក្នុងកម្មវិធីពិសេសមួយ ដែលមានចំណងជើងថា «កម្ពុជាផ្កាយកំពុងរះរបស់អាស៊ាន»។ នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែល Fresh News ទើបទទួលបាន នៅរសៀលថ្ងៃទី១២ ខែមករានេះ។

ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា វេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០១៧ ក្រោមប្រធានបទ ​«ការរៀបចំប្រព័ន្ធពិភពលោក ប្រឈមមុខនៃភាពមិនច្បាស់លាស់ នៃនយោបាយ និងសេដ្ឋកិច្ច» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-២០ ខែមករា ឆ្នាំ២០១៧ នៅប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន នឹងឆ្លៀតប្រើប្រាស់ឱកាសនេះ ដើម្បីបង្ហាញពិភពលោក អំពីអាស៊ាន និងផ្សព្វផ្សាយកម្ពុជាឲ្យពិភពលោកបាន ដឹងពីគុណតម្លៃរបស់ខ្លួន នៅក្នុងតំបន់អាស៊ាន។

ក្រសួងការបរទេសបានឲ្យដឹងទៀតថា ក្នុងឱកាសនោះ កម្ពុជាក៏នឹងបង្ហាញវិដេអូខ្លីមួយ ស្តីពីការរៀបចំរបស់កម្ពុជា វេទិកាសេដ្ឋកិច្ច ពិភពលោក ស្តីពីអាស៊ាន ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០១៧នេះ។

បើតាមក្រសួងការបរទេស គណៈប្រតិភូរបស់កម្ពុជា ដែលអមដំណើរសម្តេចតេជោ រួមមាន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសមាជិករាជរដ្ឋាភិបាលមួយចំនួនទៀត។

សូមជម្រាបថា កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ គឺជាការជួបជុំថ្នាក់ដឹកនាំពិភពលោក កម្រិតខ្ពស់បំផុត ពីរដ្ឋាភិបាល អ្នកជំនួញ អ្នកស្រាវជ្រាវ សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ដែលប្រព្រឹត្តទៅនៅរៀងរាល់ដើមឆ្នាំ ដើម្បីកំណត់របៀបវារៈ ពិភពលោកតំបន់ និងឧស្សាហកម្ម៕