(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ក្រសួងបរិស្ថាន ស្ថានីយ៍ទូរទស្សន៍ MyTV និងក្រុមហ៊ុន Fu Lu Shou Co.,Ltd បានចុះអនុស្សារណៈនៃការយោគយល់ ស្តីពីយុទ្ធនាការផ្សព្វផ្សាយ សារអប់រំបរិស្ថាន បែបគំនូរជីវចលរឿង «ចៅកូរ» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
អនុស្សារណៈនៃការយោគយល់នេះ ធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាព នៃការអប់រំផ្សព្វផ្សាយលើក កម្ពស់ការយល់ជាសាធារណៈ អំពីកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព គ្រាដែលគំនូជីវចលរឿង «ចៅកូរ» នឹងត្រូវផលិតឡើងចំនួន១៨ភាគ ដែលមានចាក់ផ្សាយចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ខាងមុខនេះតទៅ លើកញ្ចក់ទូរទស្សន៍ MyTV និងផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមFacebook ក្រសួងបរិស្ថាន និងគេហទំព័រដែលមាន អាស័យដ្ឋាន www.moe.gov.kh។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងថា តាមរយៈការផលិត និងបង្កើតវីដេអូបែបគំនូរជីវចលនេះ មិនមែនជាលើកទីមួយទេ នៅប្រទេសកម្ពុជា សម្រាប់ធ្វើការអប់រំ ក៏ដូចជាការផ្លាស់ប្តូរនូវផ្តត់គំនិតរបស់ប្រជាជន ដោយឡែករឿង «ចៅកូរ» ជាសាច់រឿងថ្មីមួយទៀត បង្កើតឡើងដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបទាក់ទងទៅនឹងវិស័យបរិស្ថាន ដល់សាធារណជន ដោយនៅក្នុងសាច់រឿងនេះ បានបង្កប់នូវសារអប់រំជាច្រើន ចាប់ពីកុមារ តូចៗឡើងទៅ។
លោករដ្ឋមន្ត្រី បានបន្តថា ក្រសួងបរិស្ថានបានធ្វើកំណែទម្រង់ជាច្រើន នៅក្នុងការលើកកម្ពស់ការអប់រំបរិស្ថាន ទៅដល់ប្រជាជន និងការក៏សាងសង្គមឲ្យមានការរីកចម្រើន។
គួរបញ្ជាក់ថា ហត្ថលេខីក្នុងពិធីនេះ រួមមានចូលរួមជាតំណាងដោយ លោកស្រី ងិន លីណា អគ្គនាយិកា នៃអគ្គនាយដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោក លឹម ឃុនស្រ៊ុន អគ្គនាយកស្ថានីយ៍ទូរទស្សន៍ MyTV និង លោក សុខ សំណាង ប្រធានក្រុមហ៊ុន Fu lu Shou Co.,Ltd ដែលជាក្រុមហ៊ុននាំចូលចូលផលិតផល Pocari Sweat៕