(មណ្ឌលគិរី)៖ ប្រជាពលរដ្ឋនៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាច្រើនគ្រួសារ កំពុងមានការខឹងសម្បា និងឈានដល់ផ្ទុះការតវ៉ា ព្រមទាំងដាក់ពាក្យប្តឹងទៅ មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ខេត្តមណ្ឌលគិរី ឲ្យរកយុត្តិធរដល់ពួកគាត់ គ្រាដែលប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី កំពុងធ្វើការឈូសឆាយរំលោភយកដីពួកគាត់ជាច្រើនហិចតា មានទីតាំងនៅខាងក្រោយភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ដោយមន្រ្តីរូបនោះកំពុងយកអំណាច មករំលោភបំពាន ក្នុងបំណងយកដី នោះមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
សម្រាប់ករណីនេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានលើកឡើងថា ក្នុងនាមសាលាខេត្តមណ្ឌលគិរី មិនស្វាគមន៍ជាដាច់ខាត រាល់ទង្វើររបស់មន្រ្តីណា ដែលធ្វើឲ្យការរំលោភបំពាន និងប៉ះពាល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ឬធ្វើឲ្យមានការប៉ះពាល់ ដល់សតិអារម្មណ៍ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ប្រជាពលរដ្ឋនៅទីតាំងដី មានទំនាស់នោះនិយាយថា លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី កំពុងធ្វើការឈូសឆាយដី របស់ខ្លួននៅភូមិ មេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ហើយកំពុងធ្វើការឈូសឆាយចូលដីរបស់ប្រជាពលរដ្ឋជាច្រើនហិចតា និងច្រើនគ្រួសារ ដែលពួកគាត់មានដីសម្រាប់អាស្រ័យផលជាប់ព្រំគ្នា ជាមួយលោកប្រធានមន្ទីររូបនោះ។
ប្រជាពលរដ្ឋនៅទីនោះ បានលើកឡើងថា កាលពីពេលកន្លងមកមន្រ្តីរូបនេះ តែងតែធ្វើការរំលោភបំពានយកដី របស់ប្រជាពលរដ្ឋបានដោយជោគជ័យ តែមកដល់សព្វថ្ងៃទង្វើ និងសកម្មភាពនេះ វាបាននឹងកំពុងបន្តរំលោភយកជាបន្តទៀត ដែលធ្វើឲ្យពួកគាត់ផ្ទុះការតវ៉ានេះឡើងតែម្តង និងស្នើឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្ត ព្រមទាំងលោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ មេត្តាជួយចាត់វិធានការដោះស្រាយជូនពួកគាត់ ប្រកបដោយភាពយុត្តិធម៌ ព្រោះដីរបស់ពួកគាត់សុទ្ធតែទទួលបានប្លង់រឹង អស់ហើយសម្រាប់ធ្វើការអាស្រ័យផល។
មិនខុសពីប្រជាពលរដ្ឋ លោក អ៊ីត កៃ ទំទប់ទីមួយឃុំពូជ្រៃ បានឲ្យដឹងថា លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្ត រូបនេះ មិនមែនត្រឹមតែធ្វើការឈូសឆាយរំលោភយកដី របស់ប្រជាពលរដ្ឋ ដែលមានប្លង់រឹងប៉ុណ្ណោះទេ សូម្បីតែដីរូបលោកផ្ទាល់ ជាជំទប់ឃុំនៅមូលដ្ឋាននេះ ក៏មន្រ្តីរូបនោះឈូសរំលោភយកដែរ ដោយសារមន្រ្តីរូបនោះ យកអំណាចមកធ្វើការគំរាមកំហែង និងបំបាក់ស្មារតីរបស់ប្រជាពលរដ្ឋ។
តែទោះជាយ៉ាងណាក៏ដោយ លោក អ៊ីត កៃ បានធ្វើការសម្រេចចិត្ត មកដាក់ពាក្យប្តឹងនៅមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្ត ដើម្បីស្នើរឲ្យជួយដោះស្រាយជូនលោក និងប្រជាពលរដ្ឋកំពុងកើតមានរឿងវិវាទ ប្រកបដោយតម្លាភាព។
យ៉ាងណាមិញ លោក ឈឹម កាន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្ត បានថ្លែងថា រូបលោកពិតជាបានទទួលពាក្យបណ្តឹងរឿងរ៉ាវទំនាស់ដីធ្លីខាងលើនេះមែន ហើយ លោកនឹងចាត់ចែងឲ្យមន្រ្តីជំនាញ ចុះទៅធ្វើការស្រាវជ្រាវដល់ទីតាំងទំនាស់ខាងលើនោះ នៅពេលខ្លីខាងមុខដើម្បីឲ្យទាន់រដូវ បងប្អូនសម្រាប់អាស្រ័យផល។
បន្ថែមពីនេះ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង សង្កត់ធ្ងន់ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ក៏ដូចជារូបលោកផ្ទាល់ មិនធ្វើការស្វាគមន៍ជាដាច់ខាត រាល់សកម្មភាពរបស់មន្រ្តីទាំងឡាយណា ដែលធ្វើការរំលោភបំពានប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ យកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ហើយខេត្ត នឹងចាត់ចែងស្នើរឲ្យមន្ទីរជំនាញចាត់វិធាន និងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
ទាក់ទងករណីនេះ អង្គភាព Fresh News មិនអាចសុំការបំភ្លឺពី លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍជនបទ ខេត្តមណ្ឌលគិរីបានទេ នៅរសៀលថ្ងៃនេះ ដោយសារមិនស្គាល់លេខទូរស័ព្ទ៕