គួរឲ្យអាសូរ! ផ្ញើប្អូនស្រី២នាក់ ឲ្យយាយចាស់មើល ត្រឡប់មកវិញប្អូនលង់ទឹកស្រះស្លាប់ទាំង២នាក់ នៅស្រុកចុងកាល់
12-01-2017 16:30
(ឧត្តរមានជ័យ)៖ បងជីដូនមួយរវល់តែយកលុយទៅបង់នៅធនាគារ ដោយយកប្អូនស្រី២នាក់ ទៅផ្ញើលោកយាយជរា ត្រឡប់មកវិញបែរលង់ទឹកស្រះខាងត្បូងផ្ទះ ស្លាប់គួរឲ្យអាសូរពន់ពេក។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី១១ ខែកមរា ឆ្នាំ២០១៧ ស្ថិតនៅភូមិបន្ទាយថ្មី ឃុំចុងកាល់ ស្រុកចុងកាល់។
បើតាមការរៀបរាប់ពីបងស្រីក្មេងរងគ្រោះទាំង២ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុខ្លួនជាបងស្រី បានទុកប្អូនស្រីទាំង២ ផ្ញើនឹងជីដូន ហើយខ្លួនបានទៅបង់លុយនៅធនាគារ លុះពេលត្រឡប់មកវិញមិនឃើញប្អូននៅជាមួយជីដូច ទើបផ្អើលឲ្យអ្នកជិតខាងជួយរក ស្រាប់តែរកឃើញក្មេងស្រីលង់ទឹកស្លាប់ក្នុងស្រះ ខាងត្បូងផ្ទះចម្ងាយ៣០ម៉ែត្រ បាត់ទៅហើយ។
សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ក្មេងស្រីដែលលង់ទឹកនោះឈ្មោះ វុត ដាវីត អាយុ៣ឆ្នាំ ម្តាយឈ្មោះ ឈឿម តោន អាយុ២៧ឆ្នាំ ជាកសិករ និងកុមារីឈ្មោះ ភាន ស៊ីខា អាយុ៣ឆ្នាំ ឪពុកឈ្មោះ ឈឿម ភាន អាយុ២៣ឆ្នាំ ម្តាយឈ្មោះតឹក ភឿក អាយុ២៥ឆ្នាំ មុខរបរកសិករដូចគ្នា។
ក្រោយពិនិត្យសពរួចរាល់ នគរបាលជំនាញបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕