(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាយកកង់ឡានដុត ស្នើសុំការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដោយចោទប្រកាន់លោក ហង្ស ម៉ៅ ថាបានយកសាលក្រមកំបាំងមុខពីលោក អាំង មាលតី អតីតប្រធានសាលាដំបូង ខេត្តបន្ទាយមានជ័យ លួចយកដីកម្មសិទ្ធរបស់ពួកគាត់ចំនួន ៦,៧៥ហិតា ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា លោក ហង្ស ម៉ៅ បានរំលោភយកដីពួកគាត់ដែលមានឯកសារត្រឹមត្រូវទាំងអស់ ដោយពួកគាត់ទាំងអស់គ្នាមិនដឹងបន្តិចសោះ។
ប្រជាពលរដ្ឋ៥១គ្រួសារបានស្នើសុំឲ្យសម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ជួយដល់ពួកគាត់ផង មិនដូច្នេះទេ លោក ហង្ស ម៉ៅ និងធ្វើព្យុះ ធ្វើភ្លៀងពេញក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំពោះប្រជាពលរដ្ឋស្លូតត្រង់ជាមិនខាន និងអាចធ្វើប៉ះពាល់ដល់កិត្តិយសរាជរដ្ឋាភិបាល។
ពួកគាត់សង្គត់ធ្ងន់ៗថា ពេលនេះពួកគាត់អស់សង្ឃឹមជាមួយនឹងអាជ្ញាធរមូលដ្ឋានហើយ ព្រោះតែអាជ្ញាធរបានចេញលិខិតគំនូសប្លង់ដី ពុះជាល្វែងលក់បន្ត ក្នុងខណៈពេលមានរឿងទំនាស់ដ៏រាំរ៉ៃជាមួយលោក ហង្ស ម៉ៅ តាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ននេះឆ្នាំ២០១៧។
ពួកគាត់បានបញ្ជាក់ថា ការចេញសាលក្រមកំបាំងមុខរបស់លោក អាំង មាលតី នៅឆ្នាំ២០១១ ចំពោះដីចំនួន១៤ហិចតា និងជាន់នៅលើដីពួកគាត់ត្រឹមតែដីចំនួន៦,៧៥ហិតា មានចំនួន៥១គ្រួសារ ហើយការចេញសាលក្រមនេះមិនបានដឹងបន្តិចសោះ ។ ពួកគាត់បានទៅដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរក្រុង និងមន្ត្រីពាក់ព័ន្ធបែរជាមិនអើពើ។
លោក សុខ ណាន តំណាងពលរដ្ឋទាំងអស់បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំបានកាន់កាប់ដីធ្លីខាងលើនេះតាំងពីឆ្នាំ២០០៥មកម្ល៉េះ ដោយសម្អាងលើលិខិតប្រកាន់ដៃ កាន់កាប់ របស់អ្នកម្ចាស់ដីដើមតាំងពីឆ្នាំ២០០០មកម្ល៉េះ ដោយមានអាជ្ញាធរ និងរដ្ឋអំណាចមួយចំនួនទទួលស្គាល់ និងចុះហត្ថលេខាត្រឹមត្រូវទាំងអស់ តាំងពីថ្នាក់ភូមិ រហូតដល់ថ្នាក់ស្រុក គឺតាំងសម័យ លោក សរ ចំរ៉ុង អតីតអភិបាលស្រុកអូរជ្រៅ លោក កែវ សែន អតីតអភិបាលស្រុកអូរជ្រៅ លោក ទ្រី ណារិន អតីតអភិបាលក្រុងប៉ោយប៉ែត មកម្ល៉េះ ដោយសម្អាងឯកសារទាំងអស់នេះហើយ ទើបពួកខ្ញុំហ៊ានមកទិញដី ខាងលើនេះតាមរៀងៗខ្លួន ហើយពួកខ្ញុំបានសហការណ៍គ្នាមកធ្វើផ្លូវធ្វើព្រំប្រទល់ និងជីកកូនស្រះ ដើម្បីយកទឹកទុកប្រើប្រាស់ទាំងអស់គ្នា»។
លោក សុខ ណាន បន្តថា «ក្រោយមកទៀតទើបមានលោក ហង្ស ម៉ៅ នៅក្រុងប៉ោយប៉ែត បានមករំលោភដីធ្លីពួកគាត់នៅទីតាំងខាងលើនេះ ដោយបានយកគ្រឿងចក្រមកឈូសឆាយដី តាមទង្វើចិត្តរបស់គាត់តែម្តង និងបានឈូសលុបព្រំផ្លូវខ្លះ ដើម្បីបំបាត់ភស្តុតាងតែម្តង នៅក្នុងឆ្នាំ២០១២ ហើយពួកយើងបាននាំគ្នាទប់ស្កាត់ ភ្លាមនោះលោក ហង្ស ម៉ៅ ក៏បញ្ឈប់សកម្មភាព រួចពួកខ្ញុំបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ ដើម្បីជួយអន្តរាគមន៍ និងប្តឹងទៅខាងអធិការកិច្ចទំនាក់ទំនងរដ្ឋសភា ជួយរកដំណោះដំស្រាយជូនពួកគាត់ផងដែរ»។
លោក ម៉ែន សុភ័ណ អភិបាលរងក្រុងប៉ោយប៉ែត បានឲ្យដឹងថា «បញ្ហាការគូសប្លង់ដីលោក ហង្ស ម៉ៅ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត វាជាការផ្សះផ្សាជាមួយប្រជាពលរដ្ឋទេ មិនមែនជាការពុះដីជាល្វែងនោះដែរ ជាការគូសច្រណាំរបស់អាជ្ញាធរ។ លោកបន្តថា ដីខាងលើនេះការផ្សះផ្សាលោក ហង្ស ម៉ៅ ជាមួយប្រជាពលរដ្ឋអស់ជាច្រើនគ្រួសារហើយ នៅតែប្រជាពលរដ្ឋម្ចាស់ដីមួយចំនួនមិនទាន់ផ្សះផ្សា បើអ្នកណាមិនទទួលខ្ញុំក៏មិនដឹងដែរ ព្រោះបញ្ហាខាងលើនេះជាអំណាចតុលាការទៅហើយ»។
ជាចុងក្រោយប្រជាពលរដ្ឋរងគ្រោះទាំងអស់គ្នាស្នើសុំឲ្យសម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជួយរកយុត្តិធម៌ដើម្បីឲ្យពួកគាត់ផង ដើម្បីទទួលបាននូវសិទ្ធកាន់កាប់ស្របច្បាប់។
បញ្ហាខាងលើនេះភ្នាក់ងារ Fresh News មិនអាចសុំការបំភ្លឺពីលោកហង្ស ម៉ៅបានទេ ព្រោះគ្មានលេខសំរាប់ទំនាក់ទំនង៕