(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងឲ្យដឹងថា សម្រាប់ខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាស ដែលបម្រើលើវិស័យកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើងមានចំនួន១១៩កន្លែង ដោយផ្តល់ការងារជូនប្រជាពលរដ្ឋចំនួន១៤ម៉ឺននាក់ ហើយអាចរកប្រាក់ចំណូលលើវិស័យមួយនេះ ប្រមាណ១២លានដុល្លារ ក្នុងមួយខែ។
នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ លោក វ៉ី សំណាង បានផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានដោយបង្ហាញពីសក្តានុពលលើវិស័យចំនួន ក្នុងខេត្តកំពង់ស្ពឺក្នុងនោះមានទាំងវិស័យទេសចរណ៍ផងដែរ។
លោក វ៉ី សំណាង បានលើកឡើងថា «ឆ្នាំ២០១៦កន្លងទៅ ខេត្តបានអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ខេត្តកំពង់ស្ពឺមានរោងសហគ្រាស បំរើឲ្យវិស័យកាត់ដេរសម្លៀកបំពាក់ក្នុងខេត្តមាន១១៩រោងចក្រ បានធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋបំរើជាកម្មករ-កម្មាការិនីរហូត១៤ម៉ឺននាក់ ដែលបានផ្តល់ប្រាក់ចំណូលជូនពួកគាត់ សម្រាប់វិស័យកាត់ដេរនេះប្រមាណ ១២លានដុល្លារ ក្នុងមួយខែ»។
លោកថា កត្តានេះបានធ្វើឲ្យពលរដ្ឋមានប្រាក់ចំណុលគួរមោទនភាពបំផុត ហើយចំពោះវិស័យទេសចរណ៍ ខេត្តមានតំបន់ទេសចរណ៍ ធម្មជាតិយ៉ាងប្រណិតៗ ជាច្រើនកន្លែង តួយ៉ាងមានតំបន់ទេសចរណ៍ ឧទ្យានជាតិគីរីរម្យ តំបន់ទឹកធ្លាក់ជ្រាវ មណ្ឌលកំសាន្តអំពែភ្នំ។ល។
ហើយក្នុងនាមថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺម្នាក់ លោកសុំឲ្យបងប្អូនដែលជាភ្ញៀវទេសចរណ៍ឆ្លងកាត់ខេត្តកំពង់ស្ពឺ មេត្តាឈប់សម្រាកលំហែកាយ និងចូលរួម លើកស្ទួយវិស័យ ទេសចរណ៍ផងដែរ។ ហើយមិនយូរនោះទេ រដ្ឋបាលខេត្ត នឹងចាប់ដំណើរការកសាងចំណុចពុះទ្រូងផ្លូវ លម្អរដោយសួនច្បារ ស្ពានអាកាសឆ្លងលើផ្លូវ ដើម្បីឲ្យភ្ញៀវទេសចរណ៍បានស្គាល់ចំណុចប្រជុំនៃខេត្តកំពង់ស្ពឺ។
បើតាមលោក សំណាង ខេត្តកំពង់ស្ពឺ មានសក្តានុពលជាច្រើនផ្នែកដូចជា៖ ស្ករត្នោត ស្ករអំពៅ ដំណាំស្រូវអង្ករ សម្រាប់ការនាំចេញ ដំណាំបន្លែគ្មានជាតិគីមី។ល។ ដែលវិស័យទាំងបានធ្វើឲ្យពលរដ្ឋមានការងារធ្វើជាច្រើននាក់៕