(ភ្នំពេញ)៖ ជនរងគ្រោះ២នាក់មីងក្មួយ ជិះម៉ូតូបើកឌុបគ្នាទៅធ្វើការ ស្រាប់តែរ៉េចង្កូតទៅបុកសួនច្បារ កណ្ដាលទ្រូងផ្លូវឡើងហោះខ្ទាតប្លោងចូលទៅក្រោមរថយន្ដ បណ្ដាលឲ្យរថយន្ដ កិនមីងស្លាប់ និងក្មួយរងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះស្ពាន លេខ៩និងលេខ១០ ស្ថិតក្នុងភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។
លោកអនុសេនីយ៍ទោ មាស ថន នាយប៉ុស្ដិ៍បាក់ខែង បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតឈ្មោះរស់ រឿន អាយុ៤០ឆ្នាំ ត្រូវជាម្ដាយមីង រីឯក្មួយ រងរបួសធ្ងន់មានឈ្មោះ រស់ រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ និងជាអ្នកបើកបរម៉ូតូម៉ាក Lets ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 1P-6025 រស់នៅភូមិដីក្រហម ឃុំមៀន ស្រុកព្រៃឈ ខេត្តកំពង់ចាម។ ដោយឡែករថយន្ដ ដែលកិននោះ ម៉ាកហ៊ីយ៉ានដាយ ជាប្រភេទរថយន្ដក្រុង ពណ៌ទឹកដោះគោ ពាក់ស្លាកលេខភ្នំពេញ3A-3385។
លោកនាយប៉ុស្ដិ៍ បានបញ្ជាក់ថាមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជាក្មួយ បានជិះបើកម៉ូតូឌុបម្ដាយម៉ីងរបស់ខ្លួន ចេញពីផ្ទះដើម្បីទៅធ្វើការរោងចក្រ ដោយធ្វើដំណើរតាមប ណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកមកដល់ចន្លោះស្ពានលេខ៩និងលេខ១០ ស្រាប់តែរេចង្កូតទៅបុកសួនច្បារកណ្ដាលទ្រូង ផ្លូវពេញទំហឹង បណ្ដាលឲ្យបោកដួលសន្លប់ស្ដូកស្ដឹង។
ដោយឡែក ម្ដាយមីងដែលអង្គុយខាងក្រោយ បានប្លោងហោះរំលងពីសួនច្បារម្ខាង ទៅសួនច្បារម្ខាងទៀត ស្របពេលនិងរថយន្ដក្រុង១គ្រឿង ដែលបើកពីត្បូងទៅជើងមកដល់ល្មម ហើយក៏ជាន់ហ្វ្រាំងមិនជាប់ បណ្ដាលបុកនិងកិនស្លាប់ភ្លាមៗតែម្ដង។ ចំពោះអ្នកបើកបររថយន្ដ បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកវត្ថុតាងទាំង២ ត្រូវបានយកទៅរក្សាទុក ដើម្បីដោះស្រាយតាមច្បាប់៕