(ភ្នំពេញ)៖ ពលការិនីខ្មែររងគ្រោះ១៥នាក់ ដែលជាប់ឃុំនៅជំរុំ ukit Aman ប្រទេសម៉ាឡេស៊ី បានធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជា វិញហើយ តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាវេលាម៉ោង ១៦៖០០នាទី រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ តាមជើងយន្តហោះ AK534 ។
ការវិលត្រលប់របស់ពលការិនីខ្មែររងគ្រោះ១៥នាក់មកកម្ពុជា បានធ្វើឡើងក្រោយមានការសម្របសម្រួល របស់ស្ថានទូតកម្ពុជាប្រចាំនៅ ម៉ាឡេស៊ី។ មុនពេលចេញដំណើរមកកម្ពុជាវិញ ពលការិនីទាំង១៥នាក់ ត្រូវបានបញ្ជូនមកស្នាក់នៅ Central Zone Shelter Home ក្នុងក្រុងគួឡាឡាំពួរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិ ផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ពលការិនីរងគ្រោះទាំង១៥នាក់ បានមកម៉ាឡេស៊ី ក្នុងឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមួយនៅ ភ្នំពេញ ធ្វើជាអ្នកបោសសំអាតនៅក្រុមហ៊ុន H2O Cleaning Services Snd Bhd ក្នុងរដ្ឋ Selangor ហើយត្រូវបានឃាត់ខ្លួននៅផ្ទះថៅកែ ឈ្មោះ Chin នៅក្រុង Sha Alam រដ្ឋ Selangor ក្នុងខែមករា ឆ្នាំ២០១៦ ដោយសារគ្មានលិខិតអនុញ្ញាតការងារ (Work permit) និងលិខិតឆ្លងដែន។
ក្រោយទទួលបានដំណឹងពីការឃុំខ្លួននេះ ស្ថានទូតបានចាត់មន្ត្រីទៅសួរសុខទុក្ខ តាមដានពីការ ស្នាក់នៅ/ហូបចុក និងសុខភាព និងចូលរួមក្នុងសវនាការជាមួយពលការិនីទាំងនោះជាច្រើនលើក តាមការកោះហៅរបស់តុលាការ។ នីតិវិធីរបស់តុលាការ មានការអូសបន្លាយយូរទោះបីមានការខិតខំជំរុញរបស់ស្ថានទូត ដោយសារត្រូវទុកពេលឲ្យក្រុមហ៊ុន H2O Cleaning Services Snd Bhd និងនិយោជកឈ្មោះ Chin ចូលមកបំភ្លឺ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបន្ថែមទៀតថា តុលាការនៅពុំទាន់បានចេញសាលក្រមបាននៅឡើយ ហើយដោយនីតិវិធីអាចនឹងចំណាយពេលយូរតទៅទៀត តុលាការបានយល់ព្រមតាមសំណើស្ថានទូតអនុញ្ញាតឲ្យពលការិនីទាំង១៥នាក់ ត្រឡប់មកកម្ពុជាវិញ ក្រោយពីការផ្តល់ចម្លើយលើកចុងក្រោយថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦។ ស្ថានទូតតំណាងឲ្យពលការិនីទាំង១៥នាក់ ក្នុងការបន្តទាមទារប្រាក់ខែ ដែលនៅសល់ពីនិយោជក៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖