(កំពង់ចាម)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងពិធីសម្ពោធអាគារសិក្សាសាលាបឋមសិក្សាគីឡូ១០ ស្ថិតនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះថា ការចូលរួមរបស់អង្គការ ដែលជួយប្រជាពលរដ្ឋពិតប្រាកដជាមួយរាជរដ្ឋាភិបាល គឺជាការផ្តល់សិទ្ធិសេរីភាព និងឱកាសឱ្យអង្គការជាដៃគូចូលរួមអភិវឌ្ឍប្រទេសកម្ពុជាដូចគ្នាដែរ។
លោក ហ៊ុន ម៉ាណែត បន្តថា «ជាក់ស្តែងនៅថ្ងៃនេះ អង្គការបាន Aide et Action និងអង្គការដើម្បីភាពញញឹមនៃកុមារ ចូលរួមកសាងសាលារៀន សម្រាប់កូនចៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ។ យើងមានឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលប្រទេសជាតិមានសុខសន្តិភាព ដែលជាផលប្រយោជន៍ សម្រាប់កូនចៅប្រជាពលរដ្ឋនៅជំនាន់ក្រោយៗ។ ការរក្សាសុខសន្តិភាព ស្ថេរភាព ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅក្នុងសេចក្តីសុខ មានការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ កូនចៅប្រជាពលរដ្ឋ មានឱកាសរៀនសូត្រ នេះហើយដែលរដ្ឋាភិបាលបានខិតខំធ្វើសម្រាប់ប្រជាពលរដ្ឋ»។
លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរអរគុណ ដល់អង្គការ Aide et Action និងអង្គការដើម្បីភាពញញឹមនៃកុមារ សប្បុរសជន និងផ្នែកដែលពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមកសាងនូវសមិទ្ធិផលនេះ។
បន្ថែមពីលើនេះ លោក ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា ការកសាងហេដ្ឋារចនាសម្ព័ន្ធរួមមានសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ បាននឹងបន្តកសាងជាច្រើន ព្រោះប្រទេសជាតិ មានការអភិវឌ្ឍន៍ មនុស្សកាន់តែមានឱកាសច្រើន ប្រជាពលរដ្ឋមានតម្រូវការកាន់តែច្រើន សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងការកើនឡើងនូវកូនចៅប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណអាណាព្យាបាល លោកគ្រូ អ្នកគ្រូដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សា បង្ហាត់បង្រៀន អប់រំសីលធម៌ គុណធម៌ដើម្បីឱ្យសិក្សានុសិស្សក្លាយជាបុគ្គលល្អ មានអនាគតល្អប្រសើរ ដើម្បីជួយដល់គ្រួសារនិងសង្គមជាតិ៕