(ព្រះសីហនុ)៖ លោកវរសេនីយ៍ឯក យ៉ើ យ៉ាន់ណូ តំណាងសមត្ថកិច្ចពាក់ព័ន្ធគោលដៅដើមទីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ បានផ្សព្វផ្សាយខ្លឹមសារអនុវត្តច្បាប់ផ្លូវគោកថ្មី២០១៦ និងលើកទិសដៅឆ្នាំ២០១៧របស់លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដល់អ្នកបើកបរក្រុមហ៊ុន រថយន្ត កុងទឺន័រ និងម្ចាស់រថយន្តដែលចេញចូលដឹកទំនិញ។
លោកវរសេនីយ៍ឯក យ៉ើ យ៉ាន់ណូ បានលើកឡើងថា លទ្ធផលការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករយៈពេល១ឆ្នាំកន្លងមកនេះ ទទួលបានលទ្ធផលល្អប្រសើរ ដោយមាន ការចូលរួមយ៉ាងសកម្មពីមន្ត្រីនគរបាលចរាចរណ៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ បានធ្វើឲ្យគ្រោះថ្នាក់ថយចុះចំនួន ៤៤៣លើក ស្មើនិង១១% អ្នកស្លាប់ថយចុះចំនួន ២៧១នាក់ ស្មើនិង ១៤% និងអ្នករបួសថយចុះ ៥៤២នាក់ ស្មើនិង៨% បើប្រៀបធៀបនិងឆ្នាំ២០១៥។
លោកវរសេនីយ៍ឯក បញ្ជាក់ថា ចំពោះលទ្ធផលត្រួតពិនិត្យគោលដៅដើមទីក្នុងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ត្រួតពិនិត្យរថយន្តឆ្លងកាត់មានចំនួន ៤៧,៧២៣គ្រឿង រថយន្តមានឯកសារ និងលក្ខណៈបច្ចេកទេសត្រឹមត្រូវ មានចំនួន ៤៥,៩៧៧គ្រឿង រថយន្តមានកំហុស ១,០៤៦គ្រឿង ស្មើនិង១% អប់រំមិនផាកវិន័យ ៨១២គ្រឿង ផាកវិន័យស្មើនិង ១,៣៥៩ករណី។
ជាមួយគ្នានោះ លោកវរសេនីយ៍ឯក យ៉ើ យ៉ាន់ណូ បន្ថែមថា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់បានល្អប្រសើរនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានដាក់ចេញនៅផែនការណ៍ខាងក្រោម៖ បន្តជំរុញផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, បន្តជំរុញការរិតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលើឯកសារពាក់ព័ន្ធ ជាមួយរថយន្ត, លក្ខណៈបច្ចេកទេស, និងគោលការណ៍សីលធម៌មួយចំនួន ដល់អ្នកបើកបរ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធិភាព, អ្នកបើកបរមិនត្រូវបើកលើស ល្បឿនកំណត់ដាច់ខាត, មិនសេពគ្រឿងស្រវឹង គ្រឿងញៀន មិនស្ថិតនៅក្នុងស្ថានភាពងងុយដេកដាច់ខាត, ពេលបើកបរត្រូវ ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព, ត្រូវប្រកាន់ស្តាំ, ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត, ត្រូវប្រុងប្រយ័ត្នក្នុងពេលបើកបរជាដើម៕