Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម្តាយម្នាក់ប្រកាសកាត់កាល កូនអកត្តញូម្នាក់ ដោយសារតែធ្វើបាប គំរាមបាញ់សម្លាប់ និងបំផ្លាញទ្រព្យសម្បត្តិអស់គ្មានសល់

12-01-2017 14:46

(ភ្នំពេញ)៖ ស្រ្តីជាម្ដាយឈ្មោះ ស៊ីង ភីណាត បានប្រកាសកាត់កាលកូនប្រុសម្នាក់ចោលជាផ្លូវការ ដោយសារកូនរបស់គាត់បាន បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអស់គ្មានសល់ ធ្វើទុក្ខបុកម្នេញគាត់ជា ម្ដាយឥតស្រាក់ស្រាន្ត ទាំងថ្ងៃទាំងយប់ បង្ករឿងគ្រប់ទីកន្លែង ជេរប្រមាថមាគងាយម្ដាយ បង្កើតខ្លួនឯងយ៉ាងខ្លាំង។

តាមលិខិតរបស់ស្រ្តីជាម្ដាយដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ដោយទ្រាំទៅ នឹងទង្វើយ៉ាងព្រៃផ្សៃថោកទាប របស់កូនមិនបានតទៅទៀត ស្រ្តីជាម្ដាយបានសម្រេចចិត្តប្រកាសកាត់កាល កូនប្រុសរបស់ខ្លួន ឈ្មោះ ព្រាប សុភាក់ រស់នៅរាជធានីភ្នំពេញ ហើយតាមពិតកាត់កាលចោល តាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ មកម្លេះ ប៉ុន្តែទើបតែនៅពេលនេះ បង្ហាញឲ្យសាធារណ:ជនបានដឹង។

ស្រ្តីឈ្មោះ ស៊ីង ភីណា ក៏បានបញ្ជាក់បន្ថែមថា តាំងពីធំពេញវ័យមកឈ្មោះ ព្រាប សុភាក់ នេះ មិនដែលនាំចម្រុងចម្រើនឲ្យគ្រួសារ ម្ដងណាទេ មានតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដែលគាត់ខំរក អស់ខ្ទិចខ្ទីគ្មានសល់ ជេរប្រមាថគាត់ ធ្វើបាបគម្រាមកំហែងគាត់ ក្រោយពេលរៀបការហើយ គាត់ក៏បានចែកទ្រព្យសម្បត្តិឲ្យ ពី២ទៅ៣ដងហើយ តែកូនចង្រៃម្នាក់នេះ នៅតែទាមទារទ្រព្យសម្បត្តិពីគាត់ ថែមទៀត។

ស្រ្តីជាម្តាយរូបនេះបានរៀបរាប់យ៉ាងដូច្នេះថា «ចាប់តាំងពីប្ដីស្លាប់ទៅ ខ្ញុំបានរស់នៅក្នុងបន្ទុកជាមួយប្អូនស្រី ដោយរកស៊ីចិញ្ចឹមកូន ពីរនាក់។ ក្នុងនាមជាស្រ្ដីមេម៉ាយ រកទទួលទានផ្គត់ផ្គង់កូន ទាំងលំបាកលំបិន ខ្លាំងណាស់សំរាប់នាងខ្ញុំ ដោយសារតែមានដើមទុន បន្តិចបន្តួច។ កូនប្រុសមិនដែលចូលសាលា សេពគប់ជាមួយក្មេងពាលបំផ្លាញរបស់អ្វីៗ ដែលនាងខ្ញុំទិញឲ្យ ដល់ធំពេញវ័យអាកូន ចោលម្សៀតនេះ ធ្វើបាបផ្លូវចិត្ត និងរាងកាយខ្ញុំរាល់ថ្ងៃគ្មានពេលស្រាកស្រាន្តឡើយ តែនាងខ្ញុំខាំមាត់ សង្កត់ចិត្តទ្រាំរហូតមិនដែលនិយាយ អ្វីឡើយ។

ក្រោយពីរៀបការរួច ទាមទារឲ្យខ្ញុំចែកទ្រព្យសម្បត្តិឲ្យ ដោយនាងខ្ញុំបានចែកពីដងទៅបីដងរួចទៅហើយ តែវានៅតែប្រើ ភាសាដដែលៗថា៖ ចែកដើមទុនឲ្យវាទៀត ហើយគំរាមខ្ញុំដោយនិយាយខ្លាំងៗ និងកាចសាហាវជាងប៉ុលពត ទៅទៀតថា «អញ់បាញ់សម្លាប់ឲ្យងាប់» បើសិនខ្ញុំគ្មានអ្វីចែកឲ្យវាទៀត។ ដោយមានការចាត់ទុកបង្គាប់បញ្ជាពីប្រពន្ធឲ្យវាជាប្ដី ទាមទារយករបស់ទ្រព្យ អ្វីទាំងអស់ ដែលនាងខ្ញុំមានឲ្យអស់ពីខ្លួន ធ្វើឲ្យអាកូនម្នាក់នេះលែងស្គាល់ខ្ញុំជាម្ដាយ ព្រោះតែសេចក្ដីលោភលន់ និងភាពល្ងង់ខ្លៅ។ ដូច្នោះ ក៏នាងខ្ញុំសំរេចចិត្តកាត់កាលអាកូនម្នាក់នេះចោល ចាប់តាំងពីពេលតទៅ»៕