(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចលុបចោល សេវាត្រួតពិនិត្យនាំចេញ-នាំចូល លើទំនិញជាអង្ករ ដែលការលុបចោលនេះ ទទួលបានការសាទរយ៉ាងខ្លាំងពី សហព័ន្ធស្រូវអង្ករកម្ពុជាថា បានរួមចំណែកក្នុងការកាត់បន្ថយថ្លៃដើម នៃការដឹកជញ្ជូនរបស់ ក្រុមហ៊ុននាំចេញអង្ករ បានមួយកម្រិតទៀត។
ពីមុនសេវាត្រួតពិនិត្យទំនិញនាំចេញ-នាំចូល សម្រាប់ទំនិញជាអង្ករ ត្រូវបានអគ្គនាយកដ្ឋានកាំកុងត្រូល គិតសេវា២៥០០០រៀល ក្នុងមួយ Shipment ប៉ុន្តែចាប់ពីពេលនេះតទៅ មិនត្រូវបានយកសេវាទៀតឡើយ។
ពាក់ព័ន្ធទៅនឹងការកែសម្រួលតម្លៃសេវានេះ ត្រូវបានអគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា លោក មូល រិទ្ធី បានសម្តែងនូវក្តីសាទរ និងលើកឡើងថា បានជួយកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន របស់អ្នកនាំចេញបានមួយកម្រិត។
លោកបានបញ្ជាក់ទៀតថា បញ្ហានេះគឺជាអ្វីដែលសហព័ន្ធស្រូវអង្ករ ខិតខំដោះស្រាយធ្វើយ៉ាងណាឲ្យវិស័យស្រូវអង្កររបស់ កម្ពុជាកាន់តែល្អប្រសើរ និងអាចនាំចេញបានច្រើន។
សូមជម្រាបថា នៅឆ្នាំ២០១៦កន្លងទៅការនាំចេញអង្កររបស់កម្ពុជា បានចំនួនជាង៥៤ម៉ឺនតោន កើនឡើងបានតិចតួច បើធៀបនៅឆ្នាំ២០១៥។ ប្រទេសចិន ជាប្រទេសដែលនាំមុខគេ ក្នុងការនាំចូលអង្ករកម្ពុជា ជិត១៣ម៉ឺនតោន៕