(ភ្នំពេញ)៖ ក្រុមចោរAK៨នាក់ ដែលប្លន់ថៅកែរោងម៉ាស៊ីនកិនស្រូវ នៅខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់នោះ ត្រូវបានលោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ សម្រេចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត។
មន្ត្រីតុលាការ បានបញ្ជាក់ថា ជនសង្ស័យទាំង៨នាក់នេះ ត្រូវបានលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ប៉ុនប៉ងលួច» យោងតាមមាត្រា២៧ មាត្រា៣៥៣ មាត្រា៣៥៧ និងបទ «អំពើលួចមានស្ថានទម្ងន់ទោស» ដោយសារ មរណៈភាពនៃជនរងគ្រោះ យោងតាមមាត្រា៣៦០ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា ក្រុមចោរប្រដាប់អាវុធ ដែលបង្ក្រាបបានទាំង៨នាក់នេះ ទី១៖ ឈ្មោះ អ៊ី សោភ័ណ្ឌ អាយុ៣២ឆ្នាំ, ទី២៖ ឈ្មោះ សាត ធីម អាយុ៣៨ឆ្នាំ, ទី៣៖ ឈ្មោះ ស្វាយ តាក់ អាយុ៣៨ឆ្នាំ, ទី៤៖ ឈ្មោះ ស៊ុន ប៊ុនធឿន អាយុ៣៥ឆ្នាំ, ទី៥៖ ឈ្មោះ សួង ធី ហៅឪ អាយុ៣៥ឆ្នាំ, ទី៦៖ ឈ្មោះ អឿន សុផា ហៅផា អាយុ៣៣ឆ្នាំ, ទី៧៖ ឈ្មោះ ហម ហាន អាយុ៤៥ឆ្នាំ និងទី៨៖ ឈ្មោះ មាស ធីម ហៅធីមធំ អាយុ៣៦ឆ្នាំ ដោយឡែកបក្ខពួក៣នាក់ទៀត ដែលកម្លាំងនគរបាលជំនាញកំពុងតាមប្រមាញ់ ទី១៖ឈ្មោះ ផន សុភ័ណ្ឌ ទី២៖ ឈ្មោះ រ៉ា និងម្នាក់ទៀតមិនទាន់ស្គាល់ឈ្មោះ។
សូមបញ្ជាក់ថា ចោរប្លន់មួយក្រុមខាងលើប្រដាប់ដោយកាំភ្លើង AK បានចូលទៅធ្វើសកម្មភាពប្លន់ផ្ទះ ប្រជាពលរដ្ឋមួយកន្លែង ដែលជាថៅកែរោងម៉ាស៊ីនកិនស្រូវ ដោយបានចាប់ជនរងគ្រោះចង និងយកស្កុតបិទមាត់ជាប់ មិនឲ្យស្រែក ព្រមទាំងបានបាញ់ប្រហារ ទៅលើបុរសម្នាក់ ដែលត្រូវជាបងប្អូនជីដូនមួយ ពេលរត់មកជួយ ក្រោយឭសំឡេងស្រែក របស់ជនរងគ្រោះ ហើយបណ្តាលឲ្យរងរបួសធ្ងន់ផងដែរ។
ករណីប្លន់ប្រដាប់អាវុធនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិ ព្រៃក្រាយ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបុរសម្នាក់ដែលក្រុមចោរបាញ់ ឲ្យរបួសធ្ងន់នោះ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ បានបាត់បង់ជីវិត ដោយទុកប្រពន្ធ និងកូនប្រុសស្រី៣នាក់។
ក្រុមចោរប្លន់ទាំងនេះត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ (ម្ចាស់ករណី) សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នាយកដ្ឋានកណ្តាលសន្តិសុខ កម្លាំងមនគរបាលជំនាញរាជធានីភ្នំពេញ កម្លាំងនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីលោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕