(រតនគិរី)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តរតនគិរី សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យចំណីអាហារផលិតផលកំប៉ុង និងគ្រឿងសមុទ្រ ដែលដាក់លក់នៅក្នុង ផ្សារបានលុង ខេត្តរតនគិរី ហើយរកឃើញទំនិញខូចគុណភាពជាង១០គីឡូក្រាម ដកហូតយកមកកម្ទេចចោល នៅពេលខាងមុខ។
មន្រ្តីសាខាកាំកុងត្រូលខេត្តរនតគិរី បានឲ្យដឹងថា ការចុះត្រួតពិនិត្យទំនិញខាងលើនេះ គឺពិនិត្យទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាននឹងកំពុងដាក់តាំងលក់ ដោយបានធ្វើតេស្តបឋម (Test Kit) ទៅលើបង្គា មឹក និង ម្ហូបអាហារមួយចំនួន រួមមាន សសៃគុយទាវ សណ្តែកបណ្តុះ សរសៃមីលឿង ស្ពៃជ្រក់ ជាដើម គឺទទួលបានលទ្ធផលល្អ ប៉ុន្តែមន្ត្រីកាំកុងត្រូល បានរកឃើញផលិតផល ខ្លះហួសកាលបរិច្ឆេទ គិតជាទម្ងន់ជាង១០គីឡូក្រាម ត្រូវបានដកហូត យកទុកដុតកំទេចចោល។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបាន យល់ដឹងអំពីផលប៉ះពាល់ ដល់សុខភាព ដែលបណ្តាលមកពីបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែម សារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ។
ក្រុមការងារមន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕