(ភ្នំពេញ)៖ មន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានបន្តយុទ្ធនាការចុះត្រួតពិនិត្យ ដែលដាក់តាំងលក់នៅផ្សារចំនួន២ នៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ គឺផ្សារពោធិ៍ចិនតុង និងផ្សារសិនឆើរីប្លាស្សា តបតាមការណែនាំពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម។
លោក ទិត សុខហ៊ីម អនុប្រធានសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីចុះត្រួតពិនិត្យរួចមក មន្រ្តីរបស់លោករកមិនឃើញទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទនោះទេ។
លោកថា មូលហេតុដែលរកមិនឃើញនោះ ដោយសារតែក្រុមអាជីវករទាំងឡាយមានការយល់ដឹងច្រើនលើមុខទំនិញ នៅពេលដែលពួកគេយកមកដាក់លក់។
ជាមួយគ្នានេះលោកអនុប្រធាន ក៏បានអំពាវនាវដល់ក្រុមអាជីវករ និងប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ លើការលក់ និងទិញទំនិញដើម្បីចូលរួមការពារសុវត្ថិភាពចំណីអាហារ ព្រមទាំងការចូលរួមថែរក្សាសុខភាពពលរដ្ឋទាំងអស់គ្នា៕