(ក្រចេះ)៖ ស្ត្រីខែ្មរកម្ពុជាក្រោមម្នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តក្រចេះ ចាប់ខ្លួន និងបញ្ជូនទៅតុលាការ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ពាក់ពន្ធ័ និងករណីជួញដូរ រក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន។
លោក គង់ ស៊ីដន ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននរគបាលខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលស្រុកស្នួល សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលឃុំស្នួល បានចុះប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះជួលវត្តផ្សារស្នួល ស្ថិតក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។
នគរបាលស្រុកស្នួល បានឲ្យដឹងថា ប្រតិបត្តការបង្រ្គាបនេះ ដោយមានការសម្របសម្រួលពីលោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចកើតហេតុខាងលើ។
នគរបាលបន្ដទៀតថា ជនសង្ស័យមានឈ្មោះ ឡេង ធីញុង ភេទស្រីអាយុ៣៥ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ
និងដកហូតបានវត្ថុតាងម្សៅក្រាមពណ៌ប្រភេទម៉ាទឹកកកមួយកញ្ចប់ធំ ទូរស័ព្ទ២គ្រឿងនិងសម្ភារប្រើប្រាស់ជាច្រើនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត នឹងកំពុងកសាងសំណុំរឿងបញ្ជូន ជនសង្ស័យទៅកាន់សាលាដំបូងខេត្តក្រចេះ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕