(ភ្នំពេញ)៖ លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្ដែង ការកោតសរសើរ ដល់ផលិតករ និងអ្នកនិពន្ធ រឿង «ស្នេហ៍ស្វ័យគុណ៤» ថា បានផលិតឡើងស្របតាមស្ដង់ដារអន្តរជាតិ ប្រកបដោយគុណភាព និងមានភាពទាក់ទាញជាងភាពយន្តដទៃ ដែលក្រសួង បានពិនិត្យឃើញ និងធ្វើការវិនិច្ឆ័យ ជាច្រើនរឿងមកហើយ។ ការថ្លែងបែបនេះ របស់លោក ស៊ិន ច័ន្ទសាយ៉ា គឺក្នុងឱកាស ដែលលោកបានអញ្ជើញចូលរួម ជាអធិបតីភាព ក្នុងពិធិបើកសម្ពោធភាពយន្តរឿង «ស្នេហ៍ស្វ័យគុណ៤» នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ នៅឯផ្សារទំនើប អេអនម៉ល។
ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ លោក ស៊ិន ច័ន្ទសាយ៉ា បានថ្លែងបញ្ជាក់ទៀតថា រឿង «ស្នេហ៍ស្វ័យគុណ៤» ត្រូវបានលោកមើលឃើញថា មានការផលិតឡើងយ៉ាងផ្ចិតផ្ចង់ ទាំងប្លង់ថត ទីតាំងថត ការជ្រើសរើសតួសម្ដែង អត្ថន័យនៃរឿង គឺមានការអប់រំ ហើយតម្រូវតាមសម័យកាល នៃយុវវ័យសម័យថ្មី ដែលប្រទេសរបស់យើង កំពុងតែវិវឌ្ឍន៍យ៉ាងលឿន ក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ។
លោក ស៊ិន ច័ន្ទសាយ៉ា យល់ឃើញថា ភាពយន្ត«ស្នេហ៍ស្វ័យគុណ៤» ជារឿងដែលល្អបំផុតប្រចាំឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧នេះ ហើយនៅក្នុងព្រឹត្តិការណ៍ មហោស្រពភាពយន្តកម្ពុជាខ្នាតខ្លី ដើម្បីឈានទៅរកភាពយន្តខ្នាតវែង នៅឆ្នាំ២០១៧ នេះ ក្រសួងនឹងបើកអាទិភាពក្នុងការទទួលយក រឿង «ស្នេហ៍ស្វ័យគុណ៤» ឲ្យចូលរួមប្រកួតប្រជែង ដើម្បីធ្វើការវាយតម្លៃពីគណៈកម្មការពិសេសេ លើគុណភាពរឿង ទាំងមូល។
សូមបញ្ជាក់ថា «ស្នេហ៍ស្វ័យគុណ៤» ជាប្រភេទភាពយន្ត ឆ្លុះបញ្ចាំងពីស្នេហាបែបយុវវ័យ សម័យថ្មី បង្កប់ដោយភាពកំប្លុកកំប្លែង និងការអប់រំចំពោះទំនួលខុសត្រូវ លើស្នេហារបស់ពួកគេ។ «ស្នេហ៍ស្វ័យគុណ៤» ជាការនិពន្ធ និងដឹកនាំសម្ដែងដោយ សុធា អ៉ីណែស និងឌិបផិនដ្រា ហ្គោច័ន្ទ ព្រមទាំង ប៊ីណាត អេនថូនី ដែលជាផលិតករប្រតិបត្តិ។ រឿង «ស្នេហ៍ស្វ័យគុណ៤» នឹងចាប់ផ្ដើមដាក់បញ្ចាំង ជាផ្លូវការចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះតទៅ គ្រប់បណ្ដារោងភាពយន្តទំនើបៗនានា ក្នុងក្រុងភ្នំពេញ៕