(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌទាំង១២ បាននឹងកំពុងបន្ដប្រតិបត្តិការបង្ក្រាប ករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនជាបន្ដបន្ទាប់។
ជាក់ស្ដែង ត្រឹមរយៈពេល២ថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០១៧ ជនល្មើសចំនួន៧៥នាក់ ត្រូវបានចាប់ខ្លួនក្នុងចំណោមករណីទាំង២២ ព្រមទាំងដកហូតថ្នាំញៀនជិត១០០កញ្ចប់ និងសម្ភារជក់ និងប្រើប្រាស់ជាច្រើនផ្សេងទៀត។
នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ជនល្មើសទាំង៧៥នាក់ និងថ្នាំញៀនជិត១០០កញ្ចប់ ត្រូវបានយកមកបង្ហាញមុខក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ ស្នងការរង និងជាប្រធានការិយាល័យកណ្ដាលប្រឆាំងបទល្មើសរាជធានីភ្នំពេញ និងមានការចូលរួម ពីលោក អ៊ីវ ភារិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន និងមន្ដ្រីនគរបាលមួយចំនួនទៀត។
លោកឧត្តមសេនីយ៍ ព្រំ សន្ធរ បានប្រាប់ក្រុមអ្នកកាសែតថា ជនល្មើសទាំង៧៥នាក់ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ក្នុងនោះមានស្រី១៧នាក់ តាមបណ្ដាខណ្ឌក្រោមការដឹកនាំបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ ព្រមទាំងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា បើគិតតាំងពីថ្ងៃទី១ ខែមករា រហូតមកដល់ពេលនេះ ជនល្មើសពាក់ព័ន្ធគ្រឿងញៀន មានជិត៤០០នាក់ ត្រូវបានចាប់ខ្លួន និងដកហូតថ្នាំញៀនជាច្រើនកញ្ចប់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់វិធានការតាមនីតិវិធី។
យោងតាមរបាយការណ៍ របស់ការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ហាញថា ជនសង្ស័យទាំង៧៥នាក់ ត្រូវបានចាប់ខ្លួនក្នុងខណ្ឌសែនសុខ១៩នាក់, ខណ្ឌដូនពេញ៤នាក់, ខណ្ឌទួលគោក៥នាក់, ខណ្ឌឬស្សីកែវ១៨នាក់, ខណ្ឌជ្រោយចង្វារ៤នាក់, ខណ្ឌចំការមន ម្នាក់, ខណ្ឌ៧មករា ៤នាក់, ខណ្ឌច្បារអំពៅ៨នាក់, ខណ្ឌមានជ័យ៤នាក់, ខណ្ឌដង្កោ៤នាក់ និងការិយាល័យប្រឆាំងគ្រឿងញៀនចាប់ខ្លួន៤នាក់ផងដែរ។
ក្រោយបញ្ចប់ការបង្ហាញមុខ ជនសង្ស័យទាំង៧៥នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕