(ភ្នំពេញ)៖ អង្គការស្ដ្រី នៃអង្គការសហប្រជាជាតិ (UN WOMEN) គ្រោងផ្ដល់ថវិកាជាង ៥លានដុល្លារ សម្រាប់ជួយកម្មវិធីផ្សេងៗ ដែលពាក់ព័ន្ធនឹងផលប្រយោជន៍របស់ស្ដ្រីកម្ពុជា សម្រាប់ឆ្នាំ២០១៦-ឆ្នាំ២០១៨។ នេះបើតាមការបញ្ជាក់របស់លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោក ជុំ សុន្ទរី បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស ជាមួយ លោកស្រី Janet WONG តំណាងថ្មីនៃអង្គការ UN Women នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះថា អង្គការ UN Women បានសន្យាបន្ដជួយរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ សម្រេចគោលដៅចំនួន៣ ដែលបានកំណត់ រួមមានសមភាពយេនឌ័រ ការផ្ដល់សិទ្ធិអំណាចឲ្យស្ដ្រី និងការទប់ស្កាត់ចំពោះហិង្សាលើស្ដ្រី។
បើតាមលោក ជុំ សុន្ទរី លោកស្រីតំណាងអង្គការ UN Women នៅកម្ពុជា បានឲ្យដឹងថា លោកស្រីនឹងបន្ដកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងកិច្ចការនារី ដើម្បីអនុវត្តឲ្យបានជោគជ័យលើការងារស្ដ្រី។ លោកស្រី ក៏បានគូសបញ្ជាក់ថា កន្លងទៅនេះអង្គការសហប្រជាជាតិ បានជួយដល់កម្ពុជាពាក់ព័ន្ធការងារស្ដ្រីផងដែរ ប៉ុន្ដែតាមរយៈអង្គការ UNDP ទើបក្រោយមកអង្គការសហប្រជាជាតិបានបង្កើតនូវអង្គការស្ដ្រីនេះឡើង។
ជាការឆ្លើយតបលោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានបញ្ជាក់ថា ក្នុងនាមក្រសួងការបរទេសកម្ពុជា លោកនឹងបន្ដពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរជាងនេះ ព្រមទាំងសម្របសម្រួលការងាររវាងអង្គការ និងបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជា ដើម្បីឲ្យអង្គការស្ដ្រីដំណើរការងារបានរលូន និង ជោគជ័យ។
បន្ថែមពីនេះ លោកទេសរដ្ឋមន្ដ្រី ក៏បានវាយតម្លៃខ្ពស់ដល់អង្គការស្ដ្រី នៃអង្គការសហប្រជាជាតិ ដែលបានជួយដល់កម្ពុជា ដើម្បីអនុវត្តនូវគោលដៅ៣ចំណុចខាងលើ ព្រមទាំងការរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍនូវគោលដៅអភិវឌ្ឍប្រកបដោយចីយរភាព របស់កម្ពុជា៕