(ព្រះសីហនុ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតើតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងឲ្យដឹងថា ក្រសួងសង្គមកិច្ច បានឯកភាពតែងតាំងលោក សម សភា ជាប្រធានមន្ទីរថ្មី ជំនួសលោក សេង សុវណ្ណ ដែលត្រូវទទួលភារកិច្ចថ្មីនៅក្រសួងវិញ។លោកថា ការតែងតាំងនេះធ្វើឡើង ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាព នៃការដឹកនាំមន្ទីរ ជាពិសេសការជំរុញអនុវត្តគោលនយោបាយ និងផ្តល់សេវាសង្គមកិច្ចជូនដល់មុខសញ្ញាឲ្យបានឆាប់រហ័ស។
លោក វង សូត សង្ឃឹមយ៉ាងមុតមាំថា លោកប្រធានដែលទើបតែងតាំងថ្មីនាពេលនេះ ត្រូវខិតខំរៀនសូត្រ ដកយកបទពិសោធន៍ និងគំរូលំនាំល្អៗរបស់ប្រធានមន្ទីរចាស់ ពិសេសគឺរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង រវាងមន្រ្តីរាជការទាំងអស់នៅក្នុងមន្ទីរ ក៏ដូចជាអង្គភាព និងមន្ទីរនានាជុំវិញខេត្ត ក្នុងគោលបំណងជម្រុញការអនុវត្តគោលនយោបាយ ដែលពាក់ព័ន្ធលើវិស័យសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ប្រកបដោយភាពជោគជ័យតាមផែនការ និងទិសដៅដែលក្រសួងបានដាក់ចេញ។
លោករដ្ឋមន្រ្តី វង សូត បានថ្លែងបែបនេះ ខណៈលោកនិងលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក យន្ត មីន អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរស.អ.យ ខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ។
ជាមួយគ្នានោះដែរ បន្ទាប់ពីពិធីប្រគល់ត្រា និងប្រកាសដោយ រដ្ឋមន្រ្តី វង សូត រួចមក លោក សម សភា ប្រធានមន្ទីរដែល ទើបតែងតាំងថ្មីបានធ្វើការបេ្តជ្ញាចិត្តថា នឹងខិតខំថែរក្សាចំណងសាមគ្គីភាព ផ្ទៃក្នុងឲ្យបានល្អ ពង្រឹងពង្រីកកិច្ចសហការល្អ ជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសខិតខំអនុវត្តឲ្យបាននូវរាល់កិច្ចការ ដែលថ្នាក់លើប្រគល់ជូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានលើកឡើងដែរថា ក្រោមការដឹកនាំរបស់លោក សេង សុវណ្ណ អតីតប្រធានមន្ទីរ វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងខេត្តព្រះសីហនុ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ ដើម្បីផ្តល់ សេវាសង្គមកិច្ច ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនក្រីក្រ និងងាយរងគ្រោះ ហើយឯកឧត្តមក៏បានស្នើប្រធានមន្ទីរថ្មី ខិតខំបំពេញការងារឲ្យបានល្អប្រសើរផងដែរ ។
បន្ថែមពីលើនេះ រដ្ឋមន្រ្តី វង សូត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល និងស្នាដៃនានាដែល មន្ទីរសង្គមកិច្ចខេត្ត សម្រេចបាននាពេលកន្លងមកក្រោមការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការទាំងអស់ រួមទាំងកិច្ចសហការល្អជាមួយមន្ទីរ និងអង្គភាពពាក់ព័ន្ធរបស់ខេត្តផងដែរ៕