(កំពត)៖ លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញប្រកាសតែងតាំង លោក នៃ គង់ អតីតស្នងការរងខេត្តកំពត ជាអភិបាលរងខេត្តកំពតជំនួសលោក សូត យា ដែលត្រូវបានដល់ អាយុចូលនិវត្តន៍។
ពិធីនេះបានប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តកំពតចាស់ ដោយមានការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ ស្ថាប័នក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ ជាមន្រ្តីរាជការ បណ្តាថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ជាច្រើនកុះករផងដែរ ។
តាមរយៈការតែងតាំងអភិបាលរង ខេត្តកំពតថ្មីនាពេលនេះដែរ លោក ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត បានថ្លែងថា ការប្រកាសតែងតាំង អភិបាលរង ខេត្តថ្មី គឺជាការ បំពេញកំលាំងមន្ត្រីដឹកនាំក្នុងជួរគណៈអភិបាលខេត្ត ដើម្បីជួយការងារតាមផ្នែកនិមួយៗ ដែលបច្ចុប្បន្ននេះកំណើនការងារ កាន់តែមានច្រើនឡើងៗ សម្រាប់ជំរុញដល់ដំណើរការ អភិវឌ្ឍន៍ខេត្តកំពតទាំងមូលនិងប្រទេសជាតិ តាមរយះការចូលរួមបំពេញភារកិច្ចរបស់រដ្ឋបាលខេត្តកំពតយើងនេះផងដែរ។
លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើរឲ្យមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងអស់ ខិតខំបំពេញភារកិច្ចតាមតួនាទី និងតាមមុខងារ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់សង្គមជាតិយើង។
លោក ព្រំ សុខា បានថ្លែងសំណេះសំណាលដោយលើកឡើងអំពីកំណែរទម្រង់ នៃគោលនយោបាយ និងការខិតខំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាដំណើរការប្រកបដោយភាពជាក់ស្ដែងត្រឹមត្រូវ តាមស្ថានភាពវិវត្តន៍ របស់រាជធានី និងខេត្ត។
គួររំលឹកថា ចំពោះការតែងតាំងអភិបាលរងខេត្ត សម្រាប់ខេត្តកំពតនាពេលនេះ ក្នុងជួរគណៈអភិបាលខេត្ត មានអភិបាលខេត្តមួយរូប អមដោយអភិបាលរងខេត្តចំនួន៦រូប ដើម្បីបំពេញភារកិច្ចទៅតាមតួនាទីនិងមុខងារ របស់រដ្ឋបាលខេត្តកំពត៕