(កំពង់ធំ)៖ លោក សុខ លូ ដែលទើបតែឡើងកាន់ដំណែងថ្មី ជាអភិបាលខេត្តកំពង់ធំ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានព្រមានខ្លាំងៗដល់មន្ត្រីទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនឹងបទល្មើស ដូចជា បទល្មើសជលផល បទល្មើសព្រៃឈើ និងបទល្មើសគ្រឿងញៀន ត្រូវដកខ្លួនចេញជាបន្ទាន់ និងត្រូវបង្កើនការទប់ស្កាត់បទល្មើសទាំងនោះ ឲ្យមានប្រសិទ្ធភាពខ្ពស់។
លោក សុខ លូ លើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ជាង១៣០នាក់ នាសាលាខេត្តកំពង់ធំ។
លោកអភិបាលខេត្តថ្មីរូបនេះ បានស្នើឲ្យប្រធានអង្គភាពទាំងអស់ ត្រូវខិតខំប្រឹងប្រែងធ្វើការងារទៅតាមតួនាទី ភារកិច្ចរៀងៗខ្លួន ពេលឈប់សម្រាក ត្រូវសុំច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវ ត្រូវពង្រឹងការអនុវត្តច្បាប់ការងារ ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ដោយចេះចែករំលែកការងារ កុំក្តោបការងារធ្វើតែម្នាក់ឯង និងខិតខំពង្រឹងសមត្ថភាពខ្លួន ទោះបីមានអាយុច្រើនក៏ដោយហើយត្រូវសិក្សាពីប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងស្ថានជាក់ស្ដែង ក្នុងសង្គមសម័យទំនើបនេះ។
លោកបានបន្តថា «មន្ត្រីណាដែលជាប់ពាក់ព័ន្ធនឹងបទល្មើស ដូចជាបទល្មើសជលផល បទល្មើសព្រៃឈើ និងបទល្មើសគ្រឿងញៀន ត្រូវដកខ្លួនចេញជាបន្ទាន់ និងត្រូវបង្កើនការទប់ស្កាត់បទល្មើសទាំងនោះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសគឺបទល្មើសគ្រឿងញៀន»។
មិនត្រឹមតែប៉ុណ្ណោះ លោក សុខ លូ ក៏បានស្នើឲ្យមន្ត្រីរាជការទាំងអស់ ត្រូវចេះសហការសាមគ្គីផ្ទៃក្នុង ជាមួយគ្នាឲ្យបានល្អ ដើម្បីដឹកនាំអង្គភាពរបស់ខ្លួន ឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ច៕