(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ បានស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ខិតខំចាត់វិធានការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿនញៀនបន្តទៀត ទោះបីជារយៈពេល១០ថ្ងៃ នៃយុទ្ធនាការនេះ ទទួលបានលទ្ធគួរឲ្យកត់សម្គាល់ យ៉ាងណាក៏ដោយ។
ថ្លែងក្នុងប្រជុំត្រួតពិនិត្យការងារលេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល១០ថ្ងៃ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា ដោយមានការចាត់តាំងជាបន្តបន្ទាប់នូវយន្តការទទួលខុសត្រូវ ក៏ដូចជាផែនការសកម្មភាពសម្រាប់ អនុវត្តផែនការយុទ្ធនាការ ដោយផ្អែកតាមភូមិសាស្រ្ត និងវិស័យជំនាញ នៃភាគីពាក់ព័ន្ធ ដោយទទួលបានការអបអរសាទរ គាំទ្រពីសំណាក់សាធារណៈមតិ និងប្រជាពលរដ្ឋទូទាំងប្រទេស។
នាយឧត្តមសេនីយ៍ បន្ដថា កងកម្លាំង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បានបើកប្រតិបត្តិការ ក្នុងការអនុវត្តវិធានការអនុវត្តច្បាប់ដោយបានបង្រ្កាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់យ៉ាងសកម្ម និងទទួលបានលទ្ធផលគួតឲ្យកត់សម្គាល់។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការ បានណែនាំឲ្យក្រុមលេខាធិការដ្ឋានផ្សព្វផ្សាយពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ឲ្យដល់សហគមន៍ គ្រឹះស្ថានសិក្សាអប់រំ ទាំងរដ្ឋ និងឯកជន ក្រុមហ៊ុនដឹកជញ្ជូន សិល្បករ ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស ពិសេសក្មេងទំនើង និងជនងាយរងគ្រោះ ដើម្បីឲ្យបានជ្រួតជ្រាប និងជួយចូលរួមផ្សព្វផ្សាយបន្ត។
សូមបញ្ជាក់ថា លទ្ធផលបង្រ្កាបរួមរយៈពេល១០ថ្ងៃមានជិត ៤០០ករណី ឃាត់ខ្លួន ៩២៧នាក់ ស្រី៥៥នាក់ ចាប់យកគ្រឿងញៀន ៨៩៩.៥ក្រាម ក្នុងនោះមាន ICE ៧៧៦.០៦ក្រាម, WY ៣០.៥៨ក្រាម, អ៊ិចស្ដាស៊ី ៦០ក្រាម និងកេតាមីន ១២.៨៦ក្រាម, ម៉ូតូ៤១គ្រឿង, រថយន្ត៤គ្រឿង, អាវុធខ្លី១ដើម, អាវុធកែច្នៃ៤ដើម, និងទូរស័ព្ទដៃ១២៧គ្រឿង ក្នុងនោះ៖ ករណីជួញដូរ២៤៣ករណី ឃាត់ខ្លួន៤៨៩នាក់ ស្រី៣៣នាក់, ករណីសំយោគ-កែច្នៃ១ករណី ឃាត់ខ្លួន៣នាក់, ករណីប្រើប្រាស់១៣១ករណី ឃាត់ខ្លួន៤៣១នាក់ ស្រី១៥នាក់ (អប់រំធ្វើកិច្ចសន្យាបញ្ជូនឲ្យអាណាព្យាបាល៣៩នាក់ ទៅតុលាការ៩១នាក់ និងបញ្ជូនទៅមណ្ឌលបណ្ដោះអាសន្ន អប់រំព្យាបាល ស្ដារនីតិសម្បទា ៣០១នាក់), បង្រ្កាបតាមដីកា៤ដីកា ជាករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួន៤នាក់។ លទ្ធផលបង្រ្កាបទាំងជិត ៤០០ករណីនេះ គឺមានមន្ទីរប្រឆាំងគ្រឿងញៀន បង្រ្កាបបាន១២ករណី ឃាត់ខ្លួន២៩នាក់ ស្រី៤នាក់ (ជួញដូរ ១១ករណី ស្មើនឹង១១នាក់ និងប្រើប្រាស់ ៩ករណី ស្មើនឹង១៩នាក់ ស្រី២នាក់) និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបបាន២២ករណី ឃាត់ខ្លួន៤៨នាក់ ស្រី២នាក់។
ក្នុងនោះដែរលេខាធិការដ្ឋាន ក៏បានចុះអនុវត្តវិធានការរដ្ឋបាលនៅតាមទីតាំងប្រកបអាជីវកម្មចំនួន ៥៣លើក រួមមាន កោះហៅម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធ មកប្រជុំស្ដាប់ការណែនាំចំនួន១១លើក មានអ្នកចូលរួម១៦៧នាក់ ស្រី៥៨នាក់ (ខេត្តកំពង់ធំ ក្រចេះ សៀមរាប ស្វាយរៀង), ចុះអប់រំម្ចាស់ទីតាំងអាជីវកម្មចំនួន ៤១លើក រួមមានKTV១៤កន្លែង ភោជនីយដ្ឋាន១៣កន្លែង ផ្ទះជួល១២កន្លែង ផ្ទះសំណាក់១កន្លែង និងក្លឹបកម្សាន្ត១កន្លែង (រាជធានីភ្នំពេញ កំពង់ចាម ព្រៃវែង ពោធិ៍សាត់ ស្វាយរៀង និងខេត្តព្រះសីហនុ), ចុះបិទទីតាំងអាជីវកម្មអ៊ិនធឺណែត១លើក ក្រោយពិនិត្យឃើញមានសកម្មភាពប្រើប្រាស់គ្រឿងញៀន (ខេត្តសៀមរាប) ក្នុងនោះដែរ លេខាធិការដ្ឋានក៏បានផ្លាស់ប្ដូរព័ត៌មាន ករណីគ្រឿងញៀន ជាមួយការិយាល័យ BLO នៃប្រទេសថៃ ចំនួន២លើក រួមមាន ការិយាល័យ BLO ប្រចាំប៉ុស្តិ៍ច្រកទ្វារអន្តរជាតិចាំយាម (ខេត្តកោះកុង) និងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ (ខេត្តព្រះសីហនុ)៕