(ព្រះសីហនុ)៖ កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ នាវាទេសចរណ៍ខ្នាតយក្សចំនួន ២គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមជាមួយអ្នកដំណើរ និងភ្ញៀវទេសចរជាង ២ពាន់នាក់។
កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានឲ្យដឹងថា នាវាទី១ ឈ្មោះ SEABOURN SOJOURN ផ្ទុកអ្នកដំណើរចំនួន «៤៤៩នាក់ (ស្រី២១៦នាក់)» មាន ២៥សញ្ជាតិ ក្នុងនោះភ្ញៀវអាមេរិក ២១០នាក់ និងភ្ញៀវអង់គ្លេស ៧៨នាក់ រួមទាំងនាវិក និងអ្នកបម្រើការចំនួន ៣៥០នាក់ (ស្រី៩៧នាក់)។ នាវានេះ មានបណ្តោយ ១៩៨ម៉ែត្រ ទទឹង២៦ម៉ែត្រ ជម្រៅ ទឹក៦.៤ម៉ែត្រ។
នាវាទី២ ឈ្មោះ COSTA VICTORIA ផ្ទុកអ្នកដំណើរ និង ភ្ញៀវទេសចរចំនួន ១,៩២៨នាក់ រួមទាំងនាវិក និងអ្នកបម្រើការចំនួន ៧១៨នាក់។ នាវាទាំងពីរ ដែលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ ជានាវាទី៣ និងទី៤ ហើយ សម្រាប់ដើមឆ្នាំ២០១៧នេះ។
របាយការណ៍ខាងលើបានបន្ថែមថា នាវាទាំងពីរនេះ បានចេញដំណើរមកពីកំពង់ផែ Laem Chabang ប្រទេសថៃ ហើយនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ៩យប់ថ្ងៃដដែល ដោយនាវាទី១ បន្តដំណើរឆ្ពោះទៅកាន់កំពង់ផែ Hochiminh និងនាវាទី២ បន្តទៅកាន់កំពង់ផែ Phu Quoc ប្រទេសវៀតណាម។
បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា លោកបានចាត់កម្លាំងនគរបាលចេញប្រតិបត្តិការការពារសណ្ដាប់ធ្នាប់ និងការពារសុវត្ថិភាព ជូនភ្ញៀវទេសចរទាំងអស់ រួចជាស្រេចហើយ រហូតដល់នាវាទាំងពីរ ចាកចេញពីខេត្តព្រះសីហនុ៕