(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្កើត App មួយដើម្បីឲ្យមន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធ និងកម្មករ និយោគជិក ងាយស្រួលក្នុងការគណនាពន្ធ លើប្រាក់បៀវត្ស។
ចំពោះ App ដែលបង្កើតឡើងនេះ ត្រូវបានដាក់ដំណើរការព្រមគ្នា ទាំងប្រព័ន្ធប្រតិបត្តិការ Andriod និងប្រព័ន្ធប្រតិបត្តិការ iOS ដោយមានឈ្មោះថា « Cambodia Salary Tax»។ ដូច្នេះមន្ដ្រីរាជការ កម្មករ និយោគជិកអាចទាញយកនៅ App នេះ ដើម្បីគណនាប្រាក់ បៀវត្សរបស់ខ្លួនថាជាប់ពន្ធឬក៏យ៉ាងណា ។
សូមជប្រាបថា កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី ដោយធ្វើការពន្យល់លម្អិត ពីមូលដ្ឋានគិតពន្ធ និងវិធីគណនាពន្ធលើប្រាក់បៀវត្ស។
សេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា គ្រប់សហគ្រាសដែលជាអ្នកជាប់ពន្ធ និវាសនជនដែលប្រកបអាជីវកម្ម ស្ថាប័នរដ្ឋ និងអង្គការនានា ដែលមានកាតព្វកិច្ចកាត់ទុក និងបង់ពន្ធលើប្រាក់បៀវត្ស ត្រូវចាប់អនុវត្តអត្រាកំណើន តាមថ្នាក់ថ្មីចំពោះប្រាក់បៀវត្ស ដែលបើកជូននិយោជិត ក្នុងខែមករា ឆ្នាំ២០១៧ ដែលនឹងត្រូវដាក់លិខិត ប្រកាសបង់ពន្ធ យ៉ាងយឺតបំផុតត្រឹម ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
លើសពីនេះ ដើម្បីសម្រួលជីវភាពរស់នៅ របស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិត ដែលមានបន្ទុកចិញ្ចឹមកូន ប្តីឬប្រពន្ធ រាជរដ្ឋាភិបាលក៏បានសម្រេចធ្វើការដំឡើងកម្រិត កាត់បន្ថយមូលដ្ឋានគិតពន្ធ លើប្រាក់បៀវត្សចំពោះកូនក្នុងបន្ទុក និងសហព័ទ្ធជាមេផ្ទះ ក្នុងម្នាក់ៗ ពី៧៥០០០រៀល ដល់១៥០០០០រៀល ក្នុងមួយខែ (កើនឡើងពីរដង)។
ការដំឡើងកម្រិតកាត់បន្ថយនេះ ធ្វើឲ្យមូលដ្ឋានគិតពន្ធលើកប្រាក់បៀវត្សកាន់តែតិចដែល នាំឲ្យមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិត ដែលមានបន្ទុកចិញ្ចឹមកូន ប្តីឬប្រពន្ធ និងដែលមានប្រាក់បៀវត្សលើសពី ១លានរៀល អាចនឹងរួចផុតពីការបង់ពន្ធលើប្រាក់បៀវត្ស។
ជាមួយគ្នានេះ ដែរដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធទាំងអស់ អគ្គនាយកដ្ឋានពន្ធដារ បានបង្កើននូវ App មួយទៀតដែលមានឈ្មោះថា « Cambodia Tax Calendar» ដើម្បីប្រាប់ពីកាលបរិច្ឆេទដែលត្រូវបង់ពន្ធតាមខែនិមួយៗផងដែរ៕