(ព្រះវិហារ)៖ មន្រ្តីនគរបាលនៅអង្គភាពការពារព្រំដែនលេខ៧៩៣ និងនារីស្នេហ៍ ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ ការឃាត់ខ្លួនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិឈើទាលគង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មន្ត្រីអាវុធហត្ថស្រុកជាំក្សាន្ត បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបសកម្មភាពចែកចាយគ្រឿងញៀនជាក់ស្តែងនេះ ដឹកនាំដោយលោកអនុសេនីយ៍ឯក ផុន បូរ៉ា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយកម្លាំងស្នាក់ការសន្តិសុខភូមិធម្មជាតិ ដោយប្រើប្រាស់រថយន្ត ២គ្រឿង និងក្រោមការណែនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ។
មន្ដ្រីអាវុធហត្ថដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ខ្លួនបានជនសង្ស័យ ២នាក់ ឈ្មោះ សួង សុផាត អាយុ៣២ឆ្នាំ មុខរបរនគរបាលបម្រើការនៅអង្គភាពការពារព្រំដែនលេខ៧៩៣ រួមជាមួយនារីស្នេហ៍ ឈ្មោះ យ៉ែម សា អាយុ ២៦ឆ្នាំ ក្នុងនោះជំនាញដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក ២កញ្ចប់ ទូរស័ព្ទដៃ២គ្រឿង និងលុយមួយចំនួន។
ក្រោយឃាត់ខ្លួនត្រូវបានបញ្ជូនទៅសួរនាំរួច ជនសង្ស័យត្រូវបានបញ្ជូនបន្ដទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ដ៕