Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បង្គាក្នុងផ្សារអូរឬស្សី ត្រូវបានរកឃើញមានដាក់ជាតិហ្វកម៉ាលីន ការពារកុំឲ្យស្អុយ

12-01-2017 10:15

(ភ្នំពេញ)៖ ក្នុងចំណោមទំនិញជាង ៧០មុខនៅក្នុងផ្សារអូរឬស្សី ដែលមន្រ្តីកាំក្រុងត្រូលបានដកហូតយកពិនិត្យនោះ គេបានរកឃើញថា ជ្រក់ស្ពៃ មានប្រើប្រាស់ជាតិអាស៊ីត ដែលហាមឃាត់ ខណៈបង្គារកឃើញដាក់សារធាតុហ្វកម៉ាលីន ការពារកុំឲ្យឆាប់ស្អុយ។ មន្រ្តីថា សារធាតុ ដែលបានដាក់ក្នុងជ្រក់ស្ពៃ និងបង្គានេះ សុទ្ធជាតែសារធាតុប៉ះពាល់ខ្លាំងដល់សុខភាពអ្នកបរិភោគ ជាពិសេសក្រពះពោះវៀនតែម្តង សម្រាប់ជាតិហ្វកម៉ាលីន បើមានកម្រិតធ្ងន់ធ្ងរអាចបណ្តាលឲ្យអ្នកបរិភោគស្លាប់ទៀតផង។

បង្គា និងជ្រក់ស្ពៃ ដែលមានដាក់សារធាតុនាំឲ្យប៉ះពាល់ដល់សុខភាពនេះ បានរកឃើញក្នុងពេលដែលលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដំណើរដោយលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល ចុះទៅពិនិត្យគុណភាពទំនិញនៅក្នុងផ្សារអូរឬស្សីនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ។

លោក ម៉ក់ ពេជ្ជរិទ្ធ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្នុងពេលចុះពិនិត្យនោះ មានទំនិញរហូតដល់ទៅ ៧០មុខ ត្រូវបានយកទៅពិសោធន៍។ ជាលទ្ធផលពិសោធន៍ភ្លាមៗទៅលើទំនិញ ២៨មុខ ជាមួយរថយន្តពិសោធន៍ចល័តនោះ គឺបានរកឃើញទំនិញពីរមុខមានបញ្ហា រួមមានជ្រក់ស្ពៃ និងបង្គា។

លោក ម៉ក់ ពេជ្ជរិទ្ធ បានឲ្យដឹងថា ជ្រក់ស្ពៃ គឺមានដាក់សារធាតុអាស៊ីតខ្ពស់ ខណៈដែលបង្គាវិញ មានដាក់ជាតិហ្វកម៉ាលីន ដែលជាសារធាតុសម្រាប់ការពារកុំឲ្យឆាប់ខូចគុណភាព។ ដោយឡែកទំនិញជាច្រើនមុខផ្សេងទៀត ត្រូវបានមន្រ្តីយកទៅពិសោធន៍បន្ត ហើយមិនទាន់ទទួលបានលទ្ធផលនោះឡើយ។

បើតាមលោក ម៉ក់ ពេជ្ជរិទ្ធ ក្រោយការពិសោធន៍រកឃើញបែបនេះ ទាំងជ្រក់ស្ពៃ និងបង្គា ត្រូវបានដកហូត ហើយក៏បានអប់រំដល់អ្នកលក់ផងដែរ។

ជាការកត់សម្គាល់ទាំងក្រុមអាជីវករ និងប្រជាពលរដ្ឋ សុទ្ធតែបង្ហាញក្តីរីករាយ និងសាទរ ចំពោះសកម្មភាពចុះត្រួតពិនិត្យគុណភាពរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងកាំកុងត្រូល ព្រោះជាការចូលរួមចំណែកជួយការពារសុខភាពរបស់ប្រជាពលរដ្ឋបានកាន់តែខ្ពស់៕