(ភ្នំពេញ)៖ អគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម លោក ម៉ក់ ពេជ្ជរិទ្ធ បានឲ្យដឹងថា ពេញមួយឆ្នាំ២០១៦កន្លងទៅនេះ មានទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ និងទំនិញគ្មានសុវត្ថិភាពចំនួន ៣០តោន ត្រូវបានរកឃើញ និងដកហូតពីក្រុមអាជីវករយកទៅដុតកម្ទេចចោល។
លោក ម៉ក់ ពេជ្ជរិទ្ធ បានថ្លែងឲ្យដឹងបែបនេះ ក្នុងពេលរូបលោកអមដំណើររដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ចុះពិនិត្យគុណភាពទំនិញនៅក្នុងផ្សារអូរឬស្សី នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧។
លោក ម៉ក់ ពេជ្ជរិទ្ធ បានឲ្យដឹងដែរថា ទំនិញ ដែលរកឃើញនោះភាគច្រើនជាប្រភេទភេសជ្ជៈ និងម្ហូបអាហារ។ បើតាមលោក ម៉ក់ ពេជ្ជរិទ្ធ គ្រប់ទំនិញដែលបានកម្ទេចចោលសុទ្ធតែមានការព្រមព្រៀងពីក្រុមអាជីវករ។
បើទោះបីជាយ៉ាងណា លោក ម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាក់ថា កាំកុងត្រូលនៅតែប្រឹងប្រែងធ្វើសកម្មភាពត្រួតពិនិត្យរាល់ទំនិញទាំងអស់ ដែលកំពុងលក់ដូរនៅលើទីផ្សារ ព្រោះមិនចង់ឲ្យទំនិញគ្មានគុណភាព និងខូចគុណភាពនេះ ទៅបំផ្លាញសុខភាពរបស់ប្រជាពលរដ្ឋនោះឡើយ។
ទោះបីទំនិញគ្មានគុណភាព និងខូចគុណភាពជាច្រើនត្រូវបានរកឃើញ និងដុតកម្ទេចចោលក្នុងឆ្នាំ២០១៦ ក៏ដោយក្តី តែលោក ម៉ក់ ពេជ្ជរិទ្ធ មិនបានសម្តែងក្តីរីករាយនោះឡើយ។ លោក ម៉ក់ ពេជ្ជរិទ្ធ បានលើកឡើងថា ការស្វែងរកឃើញទំនិញខូចគុណភាព និងគ្មានគុណភាពនេះ មិនមែនជាការចង់បានរបស់កាំកុងត្រូលកម្ពុជានោះឡើយ អ្វីដែលកាំកុងត្រូលចង់បាន គឺចង់ឲ្យអាជីវករ និងប្រជាពលរដ្ឋ កាន់តែយល់ច្បាស់ពីផលប៉ះពាល់នៃចំណីអាហារខូចគុណភាព និងគ្មានគុណភាព ហើយរួមគ្នាលុបបំបាត់ឲ្យបានទាំងស្រុង កុំឲ្យមាននៅលើទីផ្សារបន្តទៅទៀត។
លោកអគ្គនាយកកាំកុងត្រូល ក៏បានបង្ហាញពីវិធានការមួយចំនួន ក្នុងការទប់ស្កាត់ទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញគ្មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ផងដែរ។ លោកបានបញ្ជាក់ថា តាមរយៈរថយន្តពិសោធន៍ចល័ត ក៏ដូចជាមន្រ្តីកាំកុងត្រូលនៅទូទាំងប្រទេស នឹងបន្តសកម្មភាពឲ្យកាន់តែខ្លាំងក្លាក្នុងការទប់ស្កាត់ និងចុះទៅតាមទីផ្សារស្វែងរកទំនិញ និងពន្យល់ដល់អាជីវករឲ្យបានយល់ច្រើនពីផលប៉ះពាល់ នៃទំនិញគ្មានគុណភាព ហួសកាលបរិច្ឆេទកំណត់ និងទំនិញគ្មានសុវត្ថិភាព។
បើតាមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានឲ្យដឹងដែរថា ដើម្បីទប់ស្កាត់ការចរាចរណ៍នូវទំនិញ នាំឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់នេះ ក្រសួងក៏បាននិងកំពុងរៀបចំច្បាប់ចំនួនពីរ គឺច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ការពារអ្នកប្រើប្រាស់។ លោករដ្ឋមន្រ្តីថា ច្បាប់នេះ ត្រូវបានក្រសួងរៀបចំរួចរាល់ហើយ និងកំពុងដាក់ឲ្យអន្តរក្រសួងត្រួតពិនិត្យ។
បើតាមលោក ប៉ាន់ សូរស័ក្តិ ច្បាប់នេះអាចនឹងរួចរាល់នៅក្នុងឆ្នាំ២០១៧។ លោករដ្ឋមន្រ្តីថា ក្នុងច្បាប់នេះ ក៏មានចែងពីការដាក់ទោសទណ្ឌរាល់អ្នក ដែលលក់ចំណីអាហារគ្មានសុវត្ថិភាពផងដែរ៕