(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមនិងលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បាននិងកំពុងចុះត្រួតពិនិត្យគុណភាពទំនិញ ក៏ដូចជាការលក់ដូររបស់ក្រុមអាជីវករនៅក្នុងផ្សារអូរឬស្សី ដែលជាផ្សារដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ។
ក្នុងពេលចុះមើលនេះទំនិញជាច្រើនត្រូវបានពិនិត្យគុណភាព និងកាលបរិច្ឆេទ នៃការប្រើប្រាស់ លោក ប៉ាន សូរស័ក្តិ បានណែនាំដល់ក្រុមអាជីវករឲ្យពិនិត្យពិច្ច័យឲ្យបានត្រឹមត្រូវ ទៅលើគុណភាពទំនិញ ដែលបានដាក់លក់ ហើយក៏បានណែនាំផងដែរ កុំឲ្យយកទំនិញខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់មកលក់នាំឲ្យប៉ះពាល់ដល់សុខភាព របស់អ្នកប្រើប្រាស់។
សូមបញ្ជាក់ថា លោក ប៉ាន សូរស័ក្តិ ក្រោយឡើងកាន់តំណែងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានធ្វើយុទ្ធនាការចុះពិនិត្យគុណភាពទំនិញ និងជួបជាមួយអាជីវករដោយផ្ទាល់នៅតាមផ្សារ។ មានផ្សារមួយចំនួនហើយ ដូចជាផ្សារធំថ្មីជាដើម ត្រូវបានលោករដ្ឋមន្រ្តីធ្វើដំណើរចុះទៅដល់។ លោក ប៉ាន សូរស័ក្តិ ក៏ធ្លាប់បានចុះពិនិត្យការលក់ដូរអង្ករ នៅមុខស្ថានីយរថភ្លើងផងដែរ។
លោក ប៉ាន សូរស័ក្តិ ធ្លាប់បានបញ្ជាក់ថា ការចុះតាមផ្សារនេះ គឺដើម្បីពង្រឹងការលក់ដូររបស់អាជីវករ និងបញ្ចៀសផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ដែលបណ្តាលមកពីទំនិញគ្មានគុណភាព នៅតាមទីផ្សារ។ កាលពីថ្មីៗនេះ ក្រសួងក៏បានដាក់ឲ្យប្រើប្រាស់រថយន្តពិនិត្យគុណភាពទំនិញចល័តផងដែរ ក្នុងទិសដៅធ្វើឲ្យការពង្រឹងគុណភាព ទំនិញលើទីផ្សារកាន់តែមានប្រសិទ្ធភាពខ្ពស់៕