(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន និង លោក Troung Quang Nghia រដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាម សុទ្ធតែមើលឃើញដូចគ្នាពីតួនាទីដ៏សំខាន់នៃប្រព័ន្ធគមនាគមន៍ទាំងផ្លូវគោក និងផ្លូវទឹកក្នុងការចូលរួមចំណែកជំរុញឲ្យការធ្វើពាណិជ្ជកម្មកម្ពុជា-វៀតណាម កើនដល់ ៥ពាន់លានដុល្លារដូចគ្នាគ្រោងទុក ក៏ដូចជាជំរុញលំហូរភ្ញៀវទេសចរ។ ព្រោះតែការមើលឃើញពីតួនាទីសំខាន់ នៃប្រព័ន្ធដឹកជញ្ជូននេះ ប្រទេសទាំងពីរបានប្តេជ្ញារួមគ្នាថា នឹងធ្វើឲ្យកាន់តែប្រសើរលើប្រព័ន្ធដឹកជញ្ជូនប្រទេសទាំងពីរ ក្នុងនោះរួមមានផ្លូវល្បឿនលឿនភ្នំពេញ-ហូជីមិញផងដែរ។
ការយល់ឃើញស្របគ្នាពីតម្លៃនៃប្រព័ន្ធគមនាគមន៍នេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និង លោក Troung Quang Nghia នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះ នៅទីស្តីការក្រសួងដឹកជញ្ជូនរបស់វៀតណាម។
បើតាមការចេញផ្សារយរបស់ក្រសួងសារធាណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងជំនួបនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោករដ្ឋមន្ត្រី QUANG Gghia បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាក់ទងការសិក្សាលទ្ធភាពគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង ហូជីមិញ-ម៉ុកបៃ និងយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដឹកជញ្ជូន ឆ្នាំ២០១៦-២០២៥ និងចក្ខុវិស័យឆ្នាំ២០៣០។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងប្រាប់សមភាគីវៀតណាមថា សេចក្តីព្រាងអនុស្សារណៈ នៃការយោគយល់សម្រាប់កិច្ចសហប្រតិបត្តិការ ដែលបានលើកឡើងនេះនឹងត្រូវរៀបចំរួចរាល់ ដោយមានការពិគ្រោះយោបល់ពីក្រសួង និងអាជ្ញាធរពាក់ព័ន្ធដទៃទៀត។
លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា ការពង្រឹងកិច្ចសហប្រតិបត្តិការ រួមទាំងការបើកច្រកទ្វារឆ្លងកាត់ ព្រំដែននឹងធ្វើឲ្យប្រសើរឡើងដល់ការតភ្ជាប់គោលដៅពាណិជ្ជកម្ម ដែលមានទំហំរហូតដល់ប្រាំពាន់លានដុល្លារ និងចំនួនភ្ញៀវទេសចរណ៍ សម្រាប់ប្រទេសទាំងពីរ។
មិនខុសពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល លោករដ្ឋមន្រ្តី Quang Nghia ក៏បានមើលឃើញពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ស្តីពីការបង្កើត និងការធ្វើឲ្យប្រសើរឡើងច្រកទ្វារឆ្លងកាត់ព្រំដែន ការសិក្សាលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ហូជីមិញ និងក្រុមការងារស្តីពីផ្លូវទឹក និងការដឹកជញ្ជូនតាមសមុទ្រ ដើម្បីពង្រីកផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន នៃប្រ ទេសទាំងពីរ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការប្តេជ្ញាចិត្តមុតមាំក្នុងការបន្តបង្កើតគណៈកម្មាធិការចម្រុះមួយ ដើម្បីពិភាក្សាបន្ថែមទៀតអំពីផ្លូវទឹក និងការអភិវឌ្ឍការដឹកជញ្ជូនតាមសមុទ្រ និងបានស្វែងរកការគាំទ្រពីភាគីវៀតណាមផងដែរ ទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែកសិង្ហបុរី-គុនមីញ ដើម្បីបញ្ចប់ការតភ្ជាប់ពីឡុកនិញទៅហូជីមិញ។
លោក QUANG Nghia ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តជួយដល់កម្ពុជា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង ការធ្វើឲ្យប្រសើរឡើងដល់ការតភ្ជាប់។
ក្នុងជំនួបនោះលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចប្រតិបត្តិការ ពីសំណាក់រដ្ឋាភិបាលវៀតណាមក្នុងការរួមចំណែកដល់ការស្តារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននៅកម្ពុជា ដូចជា៖ ការសាងសង់ផ្លូវជាតិលេខ៧៨ ស្ពានជ្រៃធំ-ឡុងប៊ិញ និងផ្លូវតភ្ជាប់រវាងអូរយ៉ាដាវ-ឡេថាញ់៕