(ហាណូយ)៖ រដ្ឋមន្រ្តីការពារជាតិកម្ពុជានិងវៀតណាមបានចុះហត្ថលេខារួមគ្នា លើគំរោងសហប្រតិបត្តិការមួយសម្រាប់ឆ្នាំ២០១៧ រវាងក្រសួងទាំងពីរនៅក្នុងជំនួបសន្ទនារបស់រដ្ឋមន្ត្រីទាំងពីរកាលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧។ នេះបើតាមការដកស្រង់សេចក្តីរាយការណ៍ចេញពីសារព័ត៌មានវៀតណាម Vietnam Net នៅល្ងាចថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។
ជំនួបខាងលើបានធ្វើឡើងនៅទីស្នាក់ការនៃទីបញ្ជាការយោធាជាន់ខ្ពស់ភូមិភាគ០៥ នៅក្រោយពីពិធីទទួលស្វាគមន៍ត្រូវបានប្រារព្ធឡើងសម្រាប់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ដែលបានទៅបំពេញទស្សនកិច្ចចំនួនបួនថ្ងៃ នៅប្រទេសវៀតណាមចាប់ពីថ្ងៃទី០៨ ខែមករា ហើយនៅក្នុងកិច្ចសន្ទនារវាងរដ្ឋមន្រ្តីទាំងពីរូប ក៏បានបង្ហាញការពេញចិត្តពេញថ្លើមយ៉ាងខ្លាំងចំពោះសមិទ្ធិផលដែលទទួលបានពីកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីកាលពីឆ្នាំ២០១៦ ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូ, ការបណ្តុះបណ្តាលបុគ្គលិក និងការការពារបន្ទាត់ព្រំដែន។
ក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងថាកម្ពុជាតែងតែអរគុណជានិច្ចចំពោះការជួយជ្រោមជ្រែងរបស់ភាគីវៀតណាម នៅអំឡុងគ្រាលំបាករបស់ខ្លួនប្រឆាំងនឹងរបបប្រល័យពូជសាសន៍ប៉ុលពត និងបុព្វហេតុនៃការកសាងជាតិបច្ចុប្បន្ននេះ ហើយរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម លោក Ngo Xuan Lich ក៏បានបង្ហាញពីការពេញចិត្តរបស់លោកចំពោះការគាំទ្ររបស់កម្ពុជាដល់វវៀតណាមក្នុងការស្វែងរកក៏ដូចជាបញ្ជូនសាកសពរបស់ទាហានស្ម័គ្រចិត្ត និងក្រុមអ្នកជំនាញវៀតណាមទៅកាន់មាតុប្រទេសវិញផងដែរ។
ជាចុងក្រោយរដ្ឋមន្រ្តីការពារជាតិ នៃប្រទេសទាំងពីរបានសង្កត់ធ្ងន់ថា អាទិភាពចម្បងនៃកិច្ចសហប្រតិបត្តិការស្តីពីវិស័យការពារជាតិនៅឆ្នាំនេះរួមទាំងឆ្នាំក្រោយៗទៀតគឺការរៀបចំនៃការផ្លាស់ប្តូរគណៈប្រតិភូ, កិច្ចពិភាក្សាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តី, ការល្បាតរួមគ្នាតាមដែនសមុទ្រ, កិច្ចការព្រំដែន, និងការស្វែងរកសាកសពជនជាតិវៀតណាមដែលនៅសេសសល់៕